2023-10-03 12:10
181

ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត TOYOTA.CAMRY និងម៉ូតូ HONDA.C125 ក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្រ្តីជាប្រពន្ធបាត់បង់ជីវិត ចំណែកឯបុរសជាប្តីរបួលធ្ងន់ធ្ងរ ករណីនេះកើតឡើង នៅបណ្តាយផ្លូវជាតិលេខ៥ ចន្លោះគីឡូវម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោង ១២:១០ នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។

ប្រភពកើតហេតុការណ៍ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញ មានរថយន្តម៉ាក TOYOTA.CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.1551 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង ជ្រុលទៅបុកម៉ូតូម៉ាក HONDA.C125 សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G.3423 ដែលកំពុងធ្វើចរាចរណ៍ពីលិចទៅកើត  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយកត្តា អ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន ធ្វេប្រហែសបណ្តាលឲ្យស្រ្តីម្នាក់បាត់បង់អាយុជីវិត បុរសម្នាក់រងរបួលធ្ងន់ និងបណ្តាលឲ្យខូចខាត រថយន្ត ០១គ្រឿង ម៉ូតូ០១គ្រឿង និងវៀចផ្លាកសញ្ញាឈប់ ០១ដើម ។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាល បានបញ្ជាក់ថា៖
ជនរងគ្រោះទី១៖ ឈ្មោះ រាម គានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី២៖ ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធ ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង១៣និង៣០នាទី អ្នកទាំងពីរមានទីលំនៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ 

រីឯអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាអោយសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នវត្ថុតាង៖ ជំនាញអធិការដ្ឋាន បានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចាត់ការបន្តនីតិវិធីច្បាប់ ៕