2023-04-11 09:04
359

កំពង់ចាម៖ ក្រុមមុខសញ្ញាប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង បញ្ជល់មាន់ដោយខុសច្បាប់តាមគុម្ពោធព្រៃត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួនទាំងសម្បុរ។

ករណីបង្ក្រាបក្រុមអ្នកជន់មាន់តាមព្រៃនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣​ វេលាម៉ោង១២និង៣០នាទី នៅចំណុចដីទួលវាលស្រែ ស្ថិតនៅភូមិច្បារអំពៅ ឃំុច្បារអំពៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរាយការណ៍។

លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ  និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញា ចំនួន០៨នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕