2023-07-11 06:07
200


ខេត្តបន្ទាយមានជ័យ ៖ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចមុខក្លិបកម្សាន្ត «F-PLUB» ស្ថិតក្នុងភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជនជាតិវៀតណាមមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បាននាំគ្នាព្រួតវា.យ និងហែកសំពត់ទៅលើនារីជនជាតិវៀតណាមដូចគ្នា ។


   បើតាមកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ បានប្រាប់ឱ្យដឹងថា មាននារីមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានព្រួតវា.យ និងហែកសំពត់នារីម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានសន្តិសុខក្លិបកម្សាន្ត «F-PLUB» ចំនួន២ទៅ៣នាក់នាំគ្នាចេញមកជួយ ទើបអាចបំបែកគ្នាចេញ ហើយនារីៗទាំងនោះក៏នាំគ្នាដើរចេញរៀងៗខ្លួន ដែលការវា.យគ្នាតាមដងផ្លូវសាធារណៈនេះ បានបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ។
   កម្លាំងនគរបាលបានបញ្ជាក់ថា នារីមួយក្រុមដែលព្រួតវា.យទៅលើនារីម្នាក់ទៀតនោះ ត្រូវបានគេស្គាល់ថា គឺជានារីជនជាតិវៀតណាម បម្រើការងារនៅក្នុងហាងខារ៉ាអូខេ។ ហើយចំពោះមូលហេតុដែលនាំឱ្យមានទំនាស់នេះ គឺការដណ្តើមភ្ញៀវ ឬម៉ូយ ទើបបង្កឱ្យមានបញ្ហាចេញមកក្រៅក្លិបកម្សាន្ត រួចព្រួតវា.យទៅលើនារីម្នាក់យ៉ាងដំណំតែម្តង ហើយរហូតដល់មកពេលនេះដូចជាមិនឃើញនារីរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ។
   កម្លាំងនគរបាល បានបញ្ជាក់ទៀតថា រឿងរ៉ាវក្រុមនារីជាជនជាតិវៀតណាមនាំគ្នាព្រួតវា.យនារីវៀតណាមម្នាក់នៅតាមដងផ្លូវសាធារណៈនេះ បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដូច្នេះកម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវរកនារីដែលជាជនបង្កវា.យទៅលើនារីរងគ្រោះម្នាក់ ដើម្បីចាត់វិធានការតាមច្បាប់៕