2023-12-22 06:12
105

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន។
   លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តក៏បានរាយការណ៍សង្ខេបជូនអង្គពិធី អំពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។ លោកជំទាវ ក៏បានលើកឡើងពីសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន មានលក្ខណៈល្អប្រសើរ ដោយរក្សាបាននូវ បូរណភាព និងអធិបតេយ្យភាពជាតិ បានប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ រដ្ឋបាលខេត្តប៉ៃលិនតែងតែសហការជាមួយនឹងភាគីប្រទេសថៃ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ។
   ក្នុងឱកាសនោះឯកឧត្ដម អ៊ី ឈាន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានានៅជុំវិញខេត្ត ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងត្រចះត្រចង់។ ក្នុងនោះឯកឧត្តមក៏បានជុំវិញណែនាំដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយមិនត្រូវទាមទារកម្រៃសេវាក្រៅផ្លូវណាមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
   ទន្ទឹមជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងប៉ៃលិន ត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់បងប្អូនឱ្យពួកគាត់បន្តចូលរួមអនុវត្តឱ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីលុបបំបាត់ នូវរាល់អសន្តិសុខនៅក្នុងមូលដ្ឋាន ដូចជាល្បែងស៊ីសង ក្មេងទំនើង បទល្មើសផ្សេងៗ ជាពិសេសការចរាចរជួញដូរគ្រឿងញៀន ដែលទាមទារឱ្យមានការសហការគ្នាល្អពីមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួមសហការ រាយការណ៍ ជូនសមត្ថកិច្ច បង្ក្រាបឱ្យបានទាន់ពេលវេលា។