2023-12-12 07:12
110

សាខា កក្រក ខេត្តព្រៃវែង៖ ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសអ្នកស្ម័គ្រចិត្ត និងយុវជន ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់នឹងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម។ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ"ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍" នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ឯកឧត្តម ប្រធានសាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង លោកនាយករដ្ឋបាល សភាពាណិជ្ជកម្មប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំង ៣៦ ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង ស្រុក ទាំង១៣ មន្ត្រីប្រចាំការ អ្នកស្ម័គ្រចិត្ត មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងយុវជន ស.ស.យ.ក. ឯកឧត្តម ប្រធានសាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង លោកនាយករដ្ឋបាល សភាពាណិជ្ជកម្មប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំង ៣៦ ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង ស្រុក ទាំង១៣ មន្ត្រីប្រចាំការ អ្នកស្ម័គ្រចិត្ត មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងយុវជន ស.ស.យ.ក. សរុបអ្នកចូលរួមចំនួន ២២៣នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
   លោក ជន់ ស៊ីថា ប្រធានការិ.គ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព បានអានរបាយការណ៍ រយៈពេល ១១ខែ ឆ្នាំ២០២៣ ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៣៩១នាក់ ស្រី ៦៨នាក់ បានចូលរួមសកម្មភាពរួមមាន៖ ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ អប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ច្បាប់ចរាចរណ៍ផ្លូវគោក និងពិការភាព ការបង្ការការពារជំងឺគ្រុនឈាម-គ្រុនឈីក ការរាតត្បាតជំងឺកូវីដ-១៩(COVID-19) អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន សុខភាពមនុស្សចាស់ សុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម គោលការណ៍គ្រឹះរបស់ចលនា និងគោលនយោបាយយុវជន កក្រក ផ្តល់ជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ប្រជុំអនឡាញស្តីពីវិធានការបង្ការការចម្លងជំងឺគ្រុនឈាម-គ្រុនឈីក និងហ្សីកា និងផែនការអនុវត្តបន្ត ចូលរួមវគ្គអនឡាញស្តីពី “ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ” វិជ្ជាសង្គ្រោះបឋម ដំណាក់កាលកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងចុះប្រគល់ផ្ទះ និងបង្គន់អនាម័យ បានចំនួន ១៦៩លើក មន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ១នាក់ ទីប្រឹក្សាយុវជន ១៤៥នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២,៦១៨នាក់ មកពីវិទ្យាល័យ ចំនួន ៣១ បានចូលរួមសកម្មភាពជាមួយសាខាខេត្ត និងអនុសាខាក្រុង ស្រុក រួមមាន៖ ការចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ លង់ទឹកស្លាប់ និងស្លាប់ដោយសារគ្រោះថ្នាក់ឧប្បទវហេតុ អប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ច្បាប់ចរាចរណ៍ផ្លូវគោក និងពិការភាព ចូលរួមពិធីអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ដាំកូនឈើ សម្រួលចរាចរណ៍នៅច្រកចេញ-ចូលមុខសាលារៀន កៀរគរថវិកាជួយល់សិស្សក្រីក្រ សម្ភោធអគារបឋមសិក្សា ស្បោង សារ៉ាត់ ចំបក់ ចូលរួមកម្មវិធីបិទការប្រកួតកីឡាថ្នាក់ស្រុកពានរង្វាន់ក្រុមការងារ ស.ស.យ.ក. ស្រុក ចូលរួមកិច្ចប្រជុំពិនិត្យ សកម្មភាពការងារអនុសាខាក្រុង-ស្រុក ទាំង១៣ និងសកម្មភាពការងារយុវជនទាំង ៣២ វិទ្យាល័យ រយៈពេល ៨ ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ចូលរួមកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជន អ្នកស្ម័គ្រចិត្ត ២៥រាជធានីខេត្ត និងគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ នៅសាលប្រជុំA ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានបង្កើតក្រុមបាល់ទាត់យុវជន កក្រក ក្រោមការឧបត្ថម្ភគាំទ្រដោយអនុសាខាស្រុកកញ្ជ្រៀច សរុបបានចំនួន ១៤៦លើក។ បច្ចុប្បន្នភាព ក្រុមកាកបាទក្រហមឃុំ-សង្កាត់ ចំនួន ៥០១នាក់  ស្រី ១០៣នាក់ អ្នកស្ម័គ្រចិត្ត ចំនួន ២,០១០នាក់ ស្រី ៨៥១នាក់ ទីប្រឹក្សាយុវជន ទាំង ៣២វិទ្យាល័យ ចំនួន ១០៤នាក់ ស្រី ១៣នាក់  និងយុវជន កក្រក ចំនួន  ២,៦៥៦នាក់ ស្រី ១,៧៦៦នាក់ ប្រចាំឆ្នាំ២០២៣។
   ក្នុងឱកាសនោះដែរលោក ប៉ាវ សុធីរ សមាជិកគណៈកម្មាធិការសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត បានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម
កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ 
១- សូមគណៈកិត្តិយសគ្រប់លំដាប់ថ្នាក់, គណៈកម្មាធិការសាខា-អនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។
២- សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន សិក្សា បន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា * សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”។
៣- សូមបង-ប្អូនជនរួមជាតិ ក្មួយៗយុវជនទាំងអស់ នាំគ្នាកសាង និងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ ចែក រំលែកបទពិសោធន៍ អនុវ័ត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត លើកកម្ពស់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីសុខុមាលភាព ក្នុងបរិស្ថានស្អាត មានអនាម័យនិងជីវភាពរស់នៅល្អប្រសើរ។
៤- សូមបង-ប្អូនរួមជនជាតិបន្តនូវវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តី ស្រឡាញ់ការងារស្ម័គ្រចិត្ត ក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការ កសាង និងអភិវឌ្ឍន៍សហគមន៍ពោរពេញដោយក្តីសង្ឃឹម និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និង វិបុលភាពប្រជាជន។
   ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា មកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី និងជាពិសេសកម្លាំងអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករជួរមុខរបស់កាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងសង្គម តាមរយៈកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អ បន្ដបំពេញការងារ ជាកម្លាំងស្នូល និងជាធនធានមនុស្ស ដ៏មានសារៈសំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។  ក្នុងឱកាសទិវានេះដែរ អ្នកស្ម័គ្រចិត្តចំនួន ៦៨នាក់ តំណាងឱ្យអ្នកស្ម័គ្រចិត្ត ចំនួន ២,៥១១នាក់ នៅភូមិចំនួន ១,១៦៨ភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤៦នាក់ តំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២,៦៥៦នាក់ នៅវិទ្យាល័យ ចំនួន ៣៣ ក្នុងខេត្តព្រៃវែង។
   ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមទៀតថា ការប្រារព្ធអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ មានគោលបំណងសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្តល់នូវគុណតម្លៃចំពោះការលះបង់ កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅ តាមមូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមក យ៉ាងមមាញឹក ក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើន ក្នុងសុខសន្តិភាព របស់ភពផែនដីយើងនេះ។
   ក្នុងទិវានេះដែរ តំណាងមន្ទីរបរិស្ថាន ខេត្តព្រៃវែង អ្នកស្ម័គ្រចិត្ត បានអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងតំណាងមន្ទីរសាធារណៈការ និងដឹងជញ្ជូន ខេត្តព្រៃវែង យុវជនកាកបាទក្រហមកម្ពុជា អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដល់សមាជិក សមាជិកា ក្នុងទិវា សរុបអ្នកចូលរួមចំនួន ២២៣នាក់។
   ក្នុងនោះដែរ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានផ្តល់មួកសុវត្ថិភាព ដល់អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ដែលបានឡើងផ្សព្វផ្សាយ។ ក្នុងនោះសាខា ក៍បានឧបត្ថម្ភថវិកាដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងយុវជនកាយរឹទ្ធ៕