2023-04-06 06:04
356

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កិច្ចការពារព្រំដែន គឺជាកាតព្វកិច្ចដ៏ចម្បងបំផុត ហេតុនេះកងទ័ពបំពេញកិច្ចការពារព្រំដែន ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់តាមគោលការណ៍​ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានស្នើឱ្យយោធិនគ្រប់រូបត្រូវមានសមត្ថភាព​ជំនាញព្រំដែនពិតប្រាកដ  មានចំណេះ​​ដឹងទូទៅទូលំទូលាយ និងមានភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាមួយប្រទេសជិតខាង ​ដោយ​​គោរពតាមគោលការណ៍ច្បាប់ និងបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួង​​ការពារជាតិ និងរាជរដ្ឋាភិបាល។ 

ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឧត្តមសេនីយ៍ទោ ស៊ិន សុខា ជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបបេសកកម្មដ៏មានសារៈសំខាន់​នេះ រាជ​​រដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានរៀបចំតែងតាំងមុខ​តំណែ​ង​​នាយទាហានបន្តវេន​ដែលមានសមត្ថភាព ដោយអនុវត្ត​តាម​ផែនការកែទម្រង់របស់​​កងយោធពលខេមរភូមិន្ទដ៏វែងឆ្ងាយ សំដៅ​រៀបចំ និងកសាង​អង្គភាព​ឱ្យមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំឲ្យនាយទាហានទីចាត់ការការងារព្រំដែន ​ត្រូវធ្វើឱ្យ​ប្រាក​ដ​​​​​ប្រជា​ក្នុងការងារ​កំណែ​ទម្រង់របស់​អង្គភាព សម្រាប់​ជា​យុទ្ធសាស្ត្រទៅអនាគត ដោយឆ្លុះបញ្ចាំង​អំពីអតីតកាល និង​ផ្តោតទស្សនៈចំពោះ​មុខ ​​ទៅលើកិច្ចការ​ពារ​ខ្សែបន្ទាត់ព្រំដែន នៃមាតិភូមិ។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនាយទាហាន ត្រូវស្មោះត្រង់ដាច់ខាតចំពោះ​​ជាតិ សាសនា ព្រះមហាក្សត្រ មានមនសិការ​ស្នេហាជាតិខ្ពស់ មានកិច្ចសហប្រតិបត្តិការល្អជាមួយតួអង្គពាក់ព័ន្ធ ក៏ដូចជាប្រទេសជាប់ព្រំដែន ដោយយកកត្តាសាមគ្គីភាពជាចម្បង និងគោរពច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ នាយទាហាន ត្រូវបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ​នូវប្រភព​ធនធានមនុស្ស​ប្រកប​ដោយសមត្ថភាពជំនាញ​ ពិសេសចំណេះដឹងច្បាប់ បច្ចេកទេស នយោបាយពាក់ព័ន្ធកិច្ចការព្រំដែន និង​មាន​កិច្ចសហប្រតិបត្តិការគ្រប់ផ្នែក ទាំងថ្នាក់ជាតិ​ និង​អន្តរ​ជាតិ ​ដើម្បី​​ដោះស្រាយរាល់បញ្ហា​ប្រឈមទាំង​ឡាយ​​ ក្នុង​ស្ថានភាពចំពោះមុខ និង​ទៅ​​អនាគត៕