2023-09-27 01:09
138

ប៉ោយប៉ែត៖ ទីក្រុងស្លាតវ័យ ឬ Smart City ប៉ោយប៉ែត បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បណ្ដាលឲ្យជនលិចចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបណ្តែតចានឆាំង និងបង្កឱ្យមានការខូចខាតគ្រឿងប្រើប្រាស់អេឡិចត្រូនិក ប្រមទាំងការធ្វើចរាចរណ៍ត្រូវផ្អាកជាបណ្តោះអាសន្ន។

សេចក្តីរាយការណ៍័ព័ត៌មាន បានឱ្យដឹងថា បន្ទាប់ភ្លៀងបានធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យទឹកជន់លិចផ្លូវជាច្រើន ទាំងផ្លូវប៉េតុង ផ្លូវជាតិ រួមទាំងផ្លូវជាតិលេខ៥ ក្នុងសង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អមសងខាងផ្លូវទឹកចូលជិត ១ម៉ែត្រ អណ្ដែតចានឆ្នាំង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងៗ។
ក្រុមប្រជាពលរដ្ឋ រស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង លិចក្រុងវ័យឆ្លាត ឬ Smart City ប៉ោយប៉ែត បាននិយាយថា គ្រាន់តែភ្លៀងមួយមេធំសោះ បណ្ដាលឲ្យផ្លូវជាច្រើននៅក្រុងប៉ោយប៉ែត ជាពិសេសផ្លូវនាគទិព្វបំបែកផ្លូវជាលេខ៥ ត្រង់ចំណុចសណ្ឋាគារ ស៊ីធី ធ្វើឲ្យផ្លូវមួយនេះ បានជនលិចទៅជារ៉ាំរ៉ៃ និងមុខសាលារៀន ទេពនិម្មិត លិចខ្លាំងជាងគេបំផុត ដែលក្នុងរយៈពេលប្រមាណជា ១ខែចុងក្រោយនេះទឹកមិនដែលដាច់សោះ ពោល គឺ មានជាប្រចាំដែលហូរចេញពីលូ និងមានក្លិនស្អុយ បើមានភ្លៀងធ្លាក់ប្រាកដជាទឹកហូរពីផ្លូវចូលលំនៅដ្ឋាន ពិបាកក្នុងការទប់ស្កាត់ និងការរស់នៅណាស់ និងភ័យព្រួយនឹងការឆក់ចរន្តអគ្គិសនីតែម្តង។ 

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់កាសែតថា «កន្លងមកដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ក៏ដូចជាក្រុងតែងតែធ្វើការស្ដារ និងកាយប្រឡាយបញ្ជៀសទឹកជំនន់ឲ្យហូរចេញពីក្រុងប៉ោយប៉ែត តែទោះជាយ៉ាងណានៅមិនទាន់អាចរំដោះទឹកបានភ្លាមៗនោះទេ»។ លោក គាត ហ៊ុល បានបញ្ជាក់ថា «បន្តិចទៀតក្រុងប៉ោយប៉ែតនឹងលេងលិចទៀតហើយ នៅពេលដែលដំណើរការធ្វើប្រព័ន្ធលូធំៗ ដែលជាគម្រោងកំពុងដំណើរការ ពេលធ្វើរួចក្រុងប៉ោយប៉ែតនឹងជៀសផុតពីការលិចលង់»៕