2024-03-15 01:03
48

អាជ្ញាធរខេត្តកំពតបាននិងកំពុងតែយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរព្រែកកំពង់បាយ ទាំងត្រើយខាងកើត និងខាងលិច ជាមួយគ្នានោះអាជ្ញាធរក៏កំពុងតែពន្លឿនពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និងសាងសង់រូបសំណាក សេះសមុទ្រ ដើម្បីបង្កើននូវភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀតជា ពិសេសដើម្បីឲ្យស័ក្តិសម ជាទីក្រុងដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ ។

នៅក្នុងដំណើរចុះពិនិត្យការពង្រីកសួនកម្សាន្តត្រីផ្សោត និងការសាងសង់រូបសំណាកសេះសមុទ្រ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តកាន់តែច្រើននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ                  រដ្ឋបាលខេត្ត បានរៀបចំកែលម្អសួនកម្សាន្ត ក្នុងក្រុង ព្រមទាំងបង្កើតឱ្យមានឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែងតាមបណ្តោយព្រែកកំពង់បាយ ទាំងត្រើយខាងកើតនិងខាងលិច ជាក់ស្តែងបច្ចុប្បន្ននេះ គម្រោងសាងសង់ពង្រីកសួនកម្សាន្តចាប់ពីរូបសំណាកព្រះបាទអង្គឌួង រហូតដល់សួនត្រីផ្សោតសម្រាប់ឱ្យពលរដ្ឋដើរហាត់ប្រាណ មើលថ្ងៃលិច ព្រមទាំងការសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹក អមដោយភ្លើងពណ៌ខាងមុខសាលាខេត្តចាស់ កំពុងតែពន្លឿនការសាងសង់ ធ្វើយ៉ាងណាឱ្យបានរួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ។

      បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការកែលម្អសោភណ្ឌភាពក្រុង ពិសេសតំបន់សួនច្បារតាមបណ្តោយមាត់ព្រែកកំពង់បាយ បានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងចំនួនទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតនាសប្តាហ៍ទីមួយក្នុងខែមីនា មានចំនួនសរុបចំនួន៣៦,៧៣២នាក់ ក្នុងនោះទេសចរជាតិចំនួន ៣៣,៨៥៤នាក់ និងទេសចរអន្តរជាតិ ២,៦៧៨នាក់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺការកើនឡើងនៃចំនួនភ្ញៀវបរទេស ដែលកាលពីខែមករា មានចំនួន ៨ពាន់នាក់ ខែកុម្ភៈ មានចំនួន ១ម៉ឺន ២ពាន់នាក់ ហើយលោករំពឹងថាខែមីនា អាចនឹងបន្តកើនឡើងថែមទៀតផងដែរ៕