2023-12-08 07:12
142

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាចោរលួចកាត់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ បានជនសង្ស័យចំនួន០២នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ 
   ប្រភពដដែលបន្តថា ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីលួចកាច់កញ្ចក់រថយន្ត ក្នុងខណ្ឌទួលគោក ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០:៣០នាទី រំលង់អាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំបទបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កញ្ចក់រថយន្ត) ក្នុងខណ្ឌទួលគោក។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្វើសកម្មភាពលួចនៅក្នុខណ្ឌទួលគោក ចំនួន០៣ដង)។
២-ឈ្មោះ ឈិន គឹមលី ភេទប្រុស ជនជាតិខ្មែរ។

  បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕