2023-03-23 03:03
488

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈ រថយន្តកាមរីឆ្លាមមួយគ្រឿងឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកអ្នកជិះម៉ូតូដួលចូលក្រោមរថយន្តបែនកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥៦ស្ថិតក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

     សមត្ថកិច្ចនៅក្នុងហេតុការណ៍នេះបានប្រាប់ថា៖ នៅពេលកើតហេតុមានរថយន្តកាមរីឆ្លាមពាក់ផ្លាកលេខបន្ទាយមានជ័យ2A.8519បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥៦ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយបានឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូហុងដា សេ១១០គ្មានផ្លាកលេខដែលបើកបរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបណ្តាលដួលចូលក្រោមរថយន្តបែនដឹកដីម៉ាក់ហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខកំពង់ចាម3A.7399 ដែលបើកស្របទិសជាមួយម៉ូតូ តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត ធ្វើឱ្យជនរងគ្រោះរបួសធ្ងន់។ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានប្រជាការពារភូមិនិងសមត្ថកិច្ចជំនាញផ្លូវគោកក្រុងសិរីសោភ័ណបានចុះមកពិនិត្យវាស់វែងហើយនិងសម្រួលចរាចរណ៍។

     សមត្ថកិច្ចបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តកាមរីឆ្លាមដែលបើកបរឡើងជែងគ្មានការប្រុងប្រយ័ត្នទើបបណ្តាលឱ្យបុកអ្នកជិះម៉ូតូ។

  សមត្ថកិច្ចបញ្ជាក់បន្ថែមថាៈជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះឡើយមានអាយុប្រមាណជាង២០ឆ្នាំ(មុខរបរកម្មករសំណង់)រស់នៅស្រុកស្វាយចេក។ចំណែកម៉ូតូខូចខាតបន្តិចបន្ទួច រីឯរថយន្តកាមរីឆ្លាមរងការខូចខាតផ្នែកខាងមុខផ្នែកស្តាំ។ ក្រោយធ្វើការវាស់វែងរួចសមត្ថកិច្ចជំនាញបានយករថយន្តទាំង២គ្រឿងនិងម៉ូតូ១គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយតាមច្បាប់៕