2023-12-15 10:12
81

សៀមរាប៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ក្រុមសិល្បករ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត រួមជាមួយវិស័យឯកជនប្រមាណ ៤៥០នាក់ បានចូលរួមដង្ហែក្បួនព្យុហយាត្រា ដែលចាប់ផ្តើមពីទីស្នាក់ការ អង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះមកស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍បុណ្យ «រំលឹកគុណអង្គរ»។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងលោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវសេចក្តីរីករាយដែលក្រុមសិល្បករ និងវិស័យឯកជន នៅក្នុងខេត្តសៀមរាប ចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក  ក៏ដូចជា ការអបអរប្រចាំឆ្នាំ នូវព្រឹត្តិការណ៍របស់អាជ្ញាធរជាតិអប្សរា គឺ «បុណ្យរំលឹកគុណអង្គរ» ដើម្បីថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងមរតកវប្បធម៌ ទុកសម្រាប់ពួកយើងទុកកេរដំណែលមួយ និងសង្ឃឹមថា ពួកយើងទាំងអស់គ្នារំលឹកថ្ងៃនេះ នឹងចូលរួមចំណែកអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

លោក សេង សុធារ៉ា បានថ្លែងអំណរគុណដល់ក្រុមសិល្បករ យុវជន វិស័យឯកជនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលអាជ្ញាធរជាតិអប្សរាប្រារព្ធកម្មវិធីនេះឡើង៕