2024-01-23 09:01
71

ត្បូងឃ្មុំ៖កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ជូនដល់ អតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅលើដី សម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ ស្ថិតនៅដីសម្បទានសង្គមកិច្ច ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនគ្រប់រូប បានចងចាំមិនភ្លេចនូវពលីកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន ចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅគ្រប់ដំណាក់កាល។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ឱ្យខ្ទេចខ្ទី ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី ជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជ              រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាល សម្តេចតែងបានគិតគូពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាននិងការចុះសួរសុខទុក្ខដល់អង្គភាពជាដើម។         

 សូមបញ្ជាក់ថា អតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រមកចូលរួមនាពេលនេះមាន ចំនួន ១៥៦ គ្រួសារ ក្នុងនោះមកពីស្រុកពញាក្រែក ៥០គ្រួសារ និង ស្រុកមេមត់ ១០៦គ្រួសារ  ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន ៥០ គ.ក, មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប៊ីចេង  ១កញ្ចប់ ខ្ទឹមស ១គ.ក, ត្រីខ  ១យួរ, អាវរងារ  ០១, និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕