2023-03-29 11:03
1115

កំពង់ឆ្នាំង៖ នាយកក្រុមហ៊ុន រាជ្យ ផុផាន់ភួង (REACH SO PHANT PHONG CO.LTD) និងបុគ្គិលចំនួន០៤នាក់ទៀត ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួនដើម្បីសាកសួរ និងកសាងនិតិវិធីតាមផ្លូវច្បាប់។

ប្រភពព័ត៌មានបានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះថា បុគ្គលិកក្រុមហ៊ុន REACH SO PHANT PHONG CO.LTD ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីឆបោកប្រាក់ពលកររាប់សែនដុល្លារយកទៅរត់ការដើម្បីចេញទៅធ្វើការងារឯក្រៅប្រទេស ប៉ុន្តែមិនបានចេញទៅដូចការសន្យាត្រូវជនរងគ្រោះដាក់ពាក្យទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែម្តង។

ក្រុមប្រជាពលរដ្ឋ ជនរងគ្រោះបាននិយាយឲ្យដឹងថា ក្រុមហ៊ុន រាជ្យ សុផាន់ភួង (REACH SO PHANT PHONG CO.LTD)  បានចេញសេចក្តីជូនដំណឹង បានប្រកាសថា ក្រុមហ៊ុនត្រូវការជ្រើសរើសពលករទៅធ្វើការនៅប្រទេសអូស្ត្រាលី ជប៉ុន ថៃ កូរ៉េ និងញូសាលែន ដោយទទួលប្រាក់ខែខ្ពស់ ទើបពួកគាត់ដែលរស់នៅតាមខេត្តមួយចំនួនបានមកដាក់ពាក្យសុំទៅធ្វើការនៅប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុន រាជ្យ សុផាន់ភួងនេះ។

ក្រុមជនរងគ្រោះបានឱ្យដឹងទៀតថា ក្នុងការដាក់ពាក្យដើម្បីទៅធ្វើការនៅប្រទេសអូស្ត្រាលីនេះ ខាងក្រុមហ៊ុន រាជ្យ សុផាន់ភួង បានតម្រូវឲ្យបង់ប្រាក់ជាដំណាក់កាលៗហើយក្នុងចំណោមពួកគាត់ ៣០នាក់បានបង់ប្រាក់ម្នាក់អស់រាប់ពាន់ដុល្លារ និងខ្លះទៀតបង់ប្រាក់រហូតជាង១ម៉ឺនដុល្លារឯណោះហើយក្រុមហ៊ុនសន្យារៀបចំឯកសារបញ្ជូនទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ប៉ុន្តែរហូតចុងខែមីនាមិនឃើញក្រុមហ៊ុនបញ្ជូនតាមការសន្យាទើបពលករ ចំនួន១៥នាក់ ក្នុងចំណោម៣០នាក់ នាំគ្នាដាក់ពាក្យប្ដឹងទៅកាន់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងជួយអន្តរាគមន៍តែម្តង។

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សមត្ថកិច្ចពិតជាឃាត់ខ្លួនប្រធានក្រុមហ៊ុននិងថ្នាក់ដឹកនាំក្រុមហ៊ុន រាជ្យ ផុផាន់ភួង (REACH SO PHANT PHONG CO.LTD)  សរុបចំនួន០៤នាក់ក្នុងនោះស្រី០២នាក់ហើយជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំពុងសួរនាំភាគីទាំង២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងចំណាត់ការដោះស្រាយបន្តបន្ទាប់។

តាមក្រុមប្រជាពលរដ្ឋ ដែលរងគ្រោះចាញ់បោកក្រុមហ៊ុន រាជ្យ ផុផាន់ភួង (REACH SO PHANT PHONG CO.LTD) ម្នាក់ៗអស់លុយរាប់ពាន់ដុល្លារ និងខ្លះដល់១ម៉ឺនដុល្លារ ស្នើសុំឱ្យក្រុមហ៊ុនប្រគល់ឱ្យពួកគាត់វិញ ព្រោះលុយដែលយកទៅបង់ឱ្យក្រុមហ៊ុនពួកគាត់បានខ្ចីពីធនាគារ ដើម្បីបង់ទៅក្រុមហ៊ុនរត់ការចេញទៅធ្វើការក្រៅប្រទេសដើម្បីយកប្រាក់សងធនាគារវិញ ប៉ុន្តែដូចពាក្យចាស់ពោលថា «ប្រាក់កបង់ថង់ការដាច់»។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះថា មានប្រជាជាពលរដ្ឋទាំងជាង៣០នាក់ដោយក្រុមហ៊ុន រាជ្យ ផុផាន់ភួង (REACH SO PHANT PHONG CO.LTD) បានយកលុយពីប្រជាពលរដ្ឋ ក្នុងដំណាក់សម្របសម្រួលឪពុកជនជាប់ចោទធានាថានឹងសងប្រាក់ដល់ជនរងគ្រោះវិញ ប៉ុន្តែឥឡូវបែរជាអត់ហើយនិតិវិធីមានតែបញ្ជូនទៅតុលាការ។ លោកស្នងការបានបន្តទៀតថា ក្រុមហ៊ុនបានយកលុយពីប្រជាពលរដ្ឋ ចំនួន២៣នាក់ សរុបលុយជាង ១៤ម៉ឺនដុល្លារ ដោយសន្យានាំយកប្រជាពលរដ្ឋទាំងអស់នឹងយកទៅធ្វើការនៅប្រទេសអូស្រ្តាលី ដល់លទ្ធមិនបានទៅពលរដ្ឋបានរត់មកប្តឹងសមត្ថកិច្ចឱ្យជួយដោះស្រាយជាង ១០នាក់។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «ពេលនេះកម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់»៕