2024-04-25 08:04
29

(កំពត)នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤នេះ លោក គិន ភាព ប្រធានអង្គការពុទ្ធិកបណ្ណាល័យកម្ពុជាបានបញ្ជាក់ថា គិតមកដល់ពេលនេះ កុមារ សិស្សានុសិស្សខេត្តកំពត ទទួលបានសេវាថែទាំងសុខភាពមាត់ធ្មេញពីក្លីនិកធ្មេញកុមារស្រុកទឹកឈូ ជាង១០ម៉ឺននាក់ដោយឥគិតថ្លៃ។
   ហើយអង្គការនឹងបើកឲ្យដំណើរការក្លីនិកធ្មេញចល័តបន្ថែមទៀត ដើម្បីអាចផ្តល់សេវាឲ្យកុមារ៨ទៅ៩ពាន់នាក់ក្នុងមួយឆ្នាំហើយមាតាបិតាសប្បាយចិត្តយ៉ាងខ្លាំងចំពោះការផ្តល់សេវាសុខភាពមួយនេះ។   
លោក គិន ភាព ប្រធានអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយមានការជ្រោមជ្រែង និងកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសុខាភិបាលផងនោះ  អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានបើកក្លីនិកធ្មេញសម្រាប់កុមារស្រុកទឹកឈូ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាក្បាលមាស ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតនៅឆ្នាំ២០០៩។
ក្លីនិកបានផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញដល់កុមារដែលជាសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ ។
ក្នុងក្លីនិកមានបណ្ណាល័យ១ សម្រាប់ឲ្យកុមារពេលមកទទួលសេវា គាត់អាចអានសៀវភៅអំឡុងពេលរង់ចាំ ។
ក្លីនិកមានពេទ្យធ្មេញម្នាក់  ជំនួយការ៣នាក់ និងអ្នកបើកបរដឹកកុមារ១នាក់  ហើយជាង១៥ឆ្នាំកន្លងមកនេះ ក្លីនិកបានផ្តល់សេវាពិនិត្យ ថែទាំ ព្យាបាលសុខភាពមាត់ធ្មេញជូនដល់សិស្ស និងគ្រូក្នុងខេត្តកំពត ជាង១០ម៉ឺននាក់។
ហើយចាប់ពីខែមិថុនានេះ អង្គការនឹងពង្រីកតំបន់សេវាគ្រប់ដណ្តប់ តាមរយៈការដាក់ឲ្យដំណើរការក្លីនិកធ្មេញចល័ត ដើម្បីផ្តល់សេវាសុខភាពមាត់ធ្មេញដល់កុមារឲ្យបាន ៨ទៅ ៩ពាន់នាក់ក្នុង១ឆ្នាំ ។
    លោកប្រធានអង្គការបានបញ្ជាក់ថា ការផ្តល់សេវាសុខភាពមាត់ធ្មេញ គ្មានការគិតប្រាក់អ្វីទាំងអស់ ហើយអង្គការមានរថយន្តដឹកជញ្ជូនកុមារទាំងពេលមកទទួលសេវា និងត្រឡប់ទៅវិញផងដែរ ។ 
ប្រជាពលរដ្ឋនាំកូនមកព្យាបាលធ្មេញ បានបង្ហាញក្តីសប្បាយរីករាយដោយអង្គការមានគ្រូពេទ្យជំនាញច្បាស់លាស់ មានបន្ទប់ និងសម្ភារឧបករណ៍ទំនើប  មានអនាម័យខ្ពស់ ក្នុងការពិនិត្យ ថែរក្សា និងព្យាបាលបញ្ហាមាត់ធ្មេញដល់កុមារ មានប្រសិទ្ធភាព គុណភាពខ្ពស់។ 
   តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា កុមារកម្ពុជាប្រមាណជាង៩០% មានបញ្ហាពុកធ្មេញ ហើយក្នុងម្នាក់ៗ មានបញ្ហាមាត់ធ្មេញយ៉ាងតិច៥ករណី។
កត្តាដែលនាំឲ្យកុមារមានបញ្ហាពុកធ្មេញច្រើនដោយសារ ការយល់ដឹងរបស់អាណាព្យាបាលអំពីការថែទាំធ្មេញកូននៅមានកម្រិត  កុមារខ្លួនឯងមិនទាន់មានការយល់ដឹងអំពីសុខភាពមាត់ធ្មេញ  និងការញាំចំណីអាហារមានជាតិស្ករច្រើនជាដើម។
   ក្រៅពិនិត្យព្យាបាលធ្មេញ  អង្គការផ្តោតសំខាន់លើការងារអប់រំជាសំខាន់ផងដែរ ក្នុងនោះមុននឹងពិនិត្យ ព្យាបាល  ក្រុមការងារតែងតែផ្តល់ការអប់រំដល់កុមារ ឲ្យបានយល់ដឹងអំពីការថែររក្សាសុខភាពមាត់ធ្មេញ់ក្រុមការងារចូលរួមបង្រៀងសិស្សតាមសាលាឲ្យចេះដុសធ្មេញ  ចុះណែនាំដល់សាលារៀន ឲ្យកាន់បន្ថយការលក់ដូរចំណីអាហារមានរស់ជាតិផ្អែមច្រើនជាដើម។(សឹង រ៉ាត់)