2023-10-08 01:10
233

ភំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)  លើកឡើងថា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជនសង្ស័យជាឪពុកដែលបង្ហាញពីអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមានក.ជ.ក ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅ លើប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ ២ឆ្នាំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០នាទី ស្ថិតនៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
    ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
    ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តី ឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើតនេះ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត។
   សូមបញ្ចាក់ថា ក្រោយពេលកើតហេតុឃាតករដៃដល់ដែលសម្លាប់ប្រពន្ធ និងកាត់កកូនស្រីអាយុ ០២ឆ្នាំយ៉ាងសាហាវព្រៃផ្សៃបានព្យាយាមរត់គេចខ្លួន ប៉ុន្តែនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ៕