2023-08-09 05:08
160


ភ្នំពេញ៖ បុរសជាអ្នកបើកបរកង់បីម្នាក់ ដែលបានលេងលះជាមួយប្រពន្ធអស់ជាច្រើនខែ ប៉ុន្តែដោយសារមិនអស់អាឡៃនឹងឆ្នាំងចាស់ បានតាមអង្វរអតីតប្រពន្ធសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែមិនព្រមគំរាមសម្លាប់ ដោយទិញសាំង ចំនួន ០៣ដបយកមកចាក់ប៉ុនប៉ងដុតស្លាប់ទាំងគ្រួសារ ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន។ 
   ស មត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ ៤០ឆ្នាំ មុខរបររត់ PassApp ធ្លាប់បានរៀបការជាមួយស្ត្រីឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបាន កូនស្រី ចំនួន ០៥នាក់ ប៉ុន្តែមួយរយៈក្រោយមកការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី  ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរឹក ទើបអតីតប្រពន្ធទ្រាំទ្រទៀតមិនបានក៏សម្រេចចិត្តលែងលះគ្នានៅសា លាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ 
   ក្រោយពេលលែងលះបុរសជាប្តីតាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែអតីតប្រពន្ធមិនយល់ព្រម រហូតដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បុរសជាបី្តបានខលមកសុំត្រូវរ៉ូវគ្នាម្តងទៀត តែអតីតប្រពន្ធនៅតែបដិសេធ បុរសជាប្តីក៏គំរាមថាបើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់ រួចក៏ចុចបិតទូរស័ព្ទ។ 
បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តីបានជិះម៉ូតូកង់បីឥណ្ឌា មកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះរួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន០៣ដប មកចាក់ពីលើអតីតប្រពន្ធភ្លាមនោះកូនស្រី ដែលនៅខាងក្រៅបន្ទប់បានឃើញឪពុកមានកាន់ដបសាំង ក៏ស្រែកហៅជីដូនឱ្យមកជួយ ពេលនោះជីដូនដែលត្រូវជាម្តាយក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ ០៤ទៅ ០៥ជើង បណ្តាលឱ្យរបើក និងឃើញអតីតកូនប្រសារ កំពុងចាក់សាំងស្រោចលើកូនស្រីគាត់ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញ តែត្រូវអតីតកូនប្រសារជះសាំងទៅលើអតីតម្តាយ   ក្មេក និងរៀបយកដែកកេះមកកេះឱ្យឆេះ ក៏ត្រូវកូនស្រីខ្លួន ស្ទុះទៅចាប់ប្រតាយប្រតប់ក្រវាសដែកកេះចេញពីដៃ រួចក៏បន្តប្រតាយប្រតប់គ្នា ហើយបុរសជាប្តី ក៏បាន ជះសាំងទៅលើកូនស្រីខ្លួនម្នាក់ទៀត បម្រុងដុតសម្លាប់ ទាំងអស់គ្នា ក៏ត្រូវបានអ្នក ជិតខាងស្ទុះទៅចាប់ឃាត់ និងខលប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសឈ្មោះ នី ផល្លី យកមកចាត់ការតាមនីតិវិធីច្បាប់និងបានពិនិត្យឃើញថា ជនសង្ស័យ មានជាប់សារធាតុញៀនក្នុងខ្លួនផងដែរ។ 
​​​   បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕