2024-03-20 01:03
42

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន បុរសចំនូន ០២នាក់ ដែលបានក្លែងប្រើប្រាស់ស្លៀកពាក់ឯកសណ្ឋាន និងក្លែងឯកសារកងទ័ពក្លែងក្លាយជាមន្ត្រីយោធាជាន់ខ្ពស់ កងយោធពលខេមរភូមិន្ទ។

 តាមប្រភពព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា មន្ត្រីយោធាក្លែងក្លាយទាំង ០២នាក់ ត្រូវបានបង្ក្រាប និងឃាត់ខ្លួននៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។

 ប្រភពប្តទៀតថា ជនសង្ស័យទាំង ០២នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ត្រង់ចំណុច ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

 មន្ត្រីយោធាក្លែងក្លាយដែលត្រូវបានអាវុធហត្ថចាប់ខ្លួនមានចំនួន០២នាក់ រួមមាន៖ ១- ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និង ២- ឈ្មោះ សួង តារា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

 ចំពោះដកហូតវត្ថុតាងមាន មួកកាសស្កេត ពណ៌ត្រេអ៊ី ចំនូន ០២, សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ), ខ្សែក្រវ៉ាត់យោធា ០១, ឋានន្ដរសក្ដិ ចំនូន ០២គូ, គ្រឿងឥស្សរិយស ០២ផ្ទាំង, ស្លាកឈ្លោះ ០១ស្លាក, សញ្ញាអគ្គបញ្ជាការ ចំនួន ០២, សញ្ញាកងយោធពលខេមរភូមិន្ទ ចំនួន ០២, ស៊ីងកាំភ្លើងពាក់កអាវ ០២គូ, សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង ០២សន្លឹក, លិខិតបញ្ជាបេសកកម្ម ០១សន្លឹក, Laptob ០១គ្រឿង, រថយន្ដ ០១គ្រឿង ម៉ាក់ ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ 2AG-8425 និងលិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។

 បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធីច្បាប់៕