2024-01-13 10:01
77

បាត់ដំបង៖ ពិតរឿងគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានចេញសេចក្តីប្រកាសហាមឃាត់មិនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវសម្រាប់រដូវប្រាំងឆ្នាំ២០២៤ នេះទេ ដោយអះអាងថា «ស្ថានភាពបរិមាណទឹកស្តុកនៃអាងកំពីងពួយ និងស្ថានភាពទឹកស្ទឹងបរិវេលាមានបរិមាណមិនគ្រប់គ្រាន់ និងមិនអនុញ្ញាតឲ្យបូមទឹកចេញពីអាងស្តុក និងស្ទឹងឡើយ»។ 

លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានចេញលិខិតមួយច្បាប់ ចុះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានជម្រាបជូនលោកមេឃុំគ្រប់ឃុំទូទាំងស្រុកថ្មគោលថា៖ «តាមការពិនិត្យស្ថានភាពទឹកស្តុកបច្ចុប្បន្នក្នុងប្រព័ន្ធស្រោចស្រព អាងកំពីងពួយ និងទឹកស្ទឹងបរិវេលា ដែលជាប្រភពទឹកដ៏សំខាន់នាពេលនេះ មានបរិមាណទឹកតិចតួចដែលមិនអាចធានា នូវការផ្គត់ផ្គង់ និងការស្រោចស្រពដំណាំស្រូវប្រាំងស្របតាមតម្រូវការនៃការដាំដុះបានឡើយ»។ 

លោក ជា សម្បត្តិ បានបញ្ជាក់ក្នុងលិខិតទៀតថា  ដើម្បីចូលរួមទប់ស្កាត់ការបង្កបង្កើនផលស្រូវរដូវប្រាំងនាពេលខាងមុខនេះ រដ្ឋបាលស្រុកថ្មគោល សូមធ្វើសេចក្តីណែនាំដូចខាងក្រោម៖ 

១- មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករក្នុងស្រុកថ្មគោល បង្កបង្កើនផលដំណាំស្រូវប្រាំងក្នុងរដូវប្រាំងឆ្នាំ២០២៣-ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។ 
២- មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករបូមទឹកចេញពីបឹងអភិរក្សឡើយ ព្រោះត្រូវរក្សាមេត្រីពូជ។ 

៣- រដ្ឋបាលឃុំទាំង១០ នៃស្រុកថ្មគោល ត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយ និងឲ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន។ 

៤- បន្តពិនិត្យ តាមដាន និងហាមឃាត់ប្រជាកសិករដោយមិនអនុញ្ញាតឲ្យបង្កបង្កើនផលដំណាំស្រូវ ប្រាំងនារដូវប្រាំងនេះ ចៀសវាងការខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ។ 

៥- បន្តពិនិត្យ តាមដាន ចំពោះបងប្អូនប្រជាកសិករដែលបាននឹងកំពុងបង្កបង្កើនផលដំណាំស្រូវប្រាំង និងត្រូវរាយការណ៍មករដ្ឋបាលស្រុកតាមការចាំបាច់។ 
លោកអភិបាលស្រុកថ្មគោល បញ្ជាក់ថា «រដ្ឋបាលឃុំទាំង១០ នៃស្រុកថ្មគោល ត្រូវធ្វើការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយដល់បងប្អូនប្រជាកសិករ និងត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយមានប្រសិទ្ធភាពខ្ពស់»៕