2023-07-02 09:07
358

ភ្នំពេញ៖ គ.ជ.ប នៅព្រលប់ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា «ចំពោះស្ថានភាពទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អហិង្សា»។ 

គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងទៀតថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតបានធ្វើ ការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នាដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។ 

យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនាច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ 

ជាក់ស្ដែង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ គណបក្សហ៊្វុនស៊ិនប៉ិច ,គណបក្សខ្មែរអភិរក្ស ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ 

គ.ជ.ប. បានបញ្ជាក់ដា គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនា នៅមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនា នៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួន ឃោសនានៅមណ្ឌលខេត្តបាត់ដំបង។ 

ចំពោះស្ថានភាពជារួមស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អហិង្សា។ 

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការ០២យា២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕