2023-08-05 10:08
257


ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ របស់ គ.ជ.ប ដែលប្រកាសជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ 
   យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសសេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។ 
   ប្រជាពលរដ្ឋកម្ពុជា ចំនួន ៨៤.៥៩% នៃចំនួនក្នុងបញ្ជីបោះឆ្នោតសរុបបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនក្នុងភាពជាម្ចាស់ពិតប្រាកដនៃជោគវាសនារបស់មាតុភូមិដោយបានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យ បោះឆ្នោតនានានៅទូទាំងប្រទេសប្រកបដោយភាពថ្លៃថ្នូរ សាមគ្គីភាព និងសប្បាយរីករាយ ដើម្បីជ្រើសរើសអ្នក ដឹកនាំប្រទេសបន្តទៀតស្របតាមឆន្ទៈរបស់ខ្លួន។ 
   គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចបេក្ខជននៃគណបក្សនីមួយៗសុទ្ធតែមានឱកាសពេញលេញ និងស្មើភាពក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ 
   នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីជំហានទៅមុខដ៏រឹងមាំគ្មានអ្វីអាចមកបន្ទុចបង្អាក់បាននៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ នៅកម្ពុជាក្រោមម្លប់នៃសន្តិភាព។ 
   ផ្អែកលើមូលដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងផលប្រយោជន៍ជាសារវន្តរបស់ប្រជាជនកម្ពុជាទាំងមូល៕