2023-05-14 07:05
361

មណ្ឌលគិរី៖ លោក ហួរ ណារិន ចៅសង្កាត់រងរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានផឹកស៊ីស្រវឹងស្រាទាញកែវគប់សំដៅទៅលើអតីតមន្ត្រីចូលនិវត្តន៍ម្នាក់ បណ្តាលឲ្យបែកមុខដេរជាច្រើនថ្នេរ មូលហេតុមានទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី។

ហេតុការណ៍ ចៅសង្កាត់រងរមនា ប្រើអំពើហិង្សាលើ មន្ត្រីចូលនិវត្តន៍ក្នុងរង់ស៊ីផឹកជាមួយគ្នានេះ កើតឡើងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ មើក ងឿន ក្រុម១ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ព្នង ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បញ្ជាក់ថា មុនពេលកើតហេតុ មានកម្មពិធីជួបជុំផឹកស៊ីយ៉ាងសប្បាយរីករាយនៅផ្ទះរបស់ឈ្មោះ មើក ងឿន នៅភូមិ-ឃុំកើតហេតុ ខណៈពេលកំពុងផឹកស៊ីសប្បាយក្អាកក្អាយរហូតស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏ផ្ទុះទំនាស់ពាក្យសម្តីគ្នាតឹងសសៃកហើយជនបង្កឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ចៅសង្កាត់រង សង្កាត់រមនា ក្រុងសែនមនោរម្យ បានទាញកែវស្រាលើតុគប់សំដៅក្បាល អតីតមន្ត្រីចូលនិវត្តន៍បណ្តាលឲ្យរយៈមុខរងរបួសធ្ងន់។

សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ លោក ហួរ ណារិន ចៅសង្កាត់រងរមនា មិនត្រូវបានចាប់ខ្លួន ដើម្បីអនុវត្តន៍តាមច្បាបនោះទេ។ ចំណែក អតីរមន្ត្រីចូលនិវត្តន៍ ត្រូវបានមិត្តភក្តិផឹកស៊ីជាមួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។មហាជររងចាំមើលថា ជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការច្បាប់បែបណា? លើបុគ្គលជាចៅសង្កាត់រងរមនានេះ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី msjtv បានធ្វើទំនាក់ទំនង នៅប្រលប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ថាតើសមត្ថកិច្ចនឹងមានវិធានការច្បាប់បែបណា? ចំពោះករណីចៅសង្កាត់រងរមនាខាងលើ ប៉ុន្តែមិនមានការឆ្លើយតបឡើយ៕