2023-05-17 02:05
364


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម។


សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី គោរមងារ "ឧកញ៉ា" នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងមន្ត្រីពាក់ព័ន្ធផងដែរ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា នេះជាកិច្ចប្រជុំចុងក្រោយទៅលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារ "ឧកញ៉ា" មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ សម្តេចក្រឡាហោម បានបន្ថែមថា គោរមងារ "ឧកញ៉ា" នេះបានប្រើប្រាស់នាពេលកន្លងមក និងបានសរសេររៀបរៀងក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា យន្តការផ្តល់ជូនគោរមងារ "ឧកញ៉ា" ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍ និងកសាងជាតិ ហើយសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសាវតានៃគោរមងារឧកញ៉ា និង ព្រមទាំងដំណើរការនៃការប្រជុំអន្តរក្រសួង ដើម្បីរៀបរៀងសេចក្តីព្រាងព្រះរាជក្រឹត្យនេះគោរពជូនសម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូលជ្រាបផងដែរ។ 
លោក ប៊ុន ហុន បានបញ្ជាក់ថា យោងតាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា គោរមងារ “ឧកញ៉ា” ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះ គឺ សំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា "ចតុស្ដម្ភ" ហើយគោរមងារ "ឧកញ៉ា" នាពេលនោះ មានដូចជា ឧកញ៉ាយមរាជ ,ឧកញ៉ាក្រឡាហោម ,ឧកញ៉ាវាំង និងឧកញ៉ាចក្រីជាដើម។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរដល់ក្រុមការងារ អន្តរក្រសួងដែលបានសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ,ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរៀបចំចងក្រងសម្រេចបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបានជោគជ័យនាពេលនេះ។
សូមជម្រាបថា ព្រះរាជក្រឹត្យ ស្ដីពី គោរមងារ "ឧកញ៉ា" នេះមាន ១០ជំពូក និង ២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕