2024-01-31 03:01
60

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធាន បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយលោកសល់ សុទត្ត អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងមានការចូលរួមពីគណៈកម្មាធិការអនុសាខាស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន បានចុះអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបរិយាប័ន្ននៅកម្ពុជាក្នុងគ្រឹះស្ថានសិក្សា ដល់សិស្សានុសិស្ស នៃវិទ្យាល័យស្តៅសន្តិភាព ស្រុករតនមណ្ឌល ចំនួន ១,៣៥១នាក់ ស្រី ៦៩៦នាក់។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះក្នុងបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។ 

ជាមួយគ្នានេះដែរ លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់យានយន្តជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាពក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយនោះឡើយ។  

នាឱកាសនោះដែរ ហើ ក្រុមការងារក៏បានរៀបចំជាសំនួរចម្លើយ ដល់សិស្សានុសិស្សឆ្លើយសំណួរត្រូវបានទទួលមួកសុវត្ថិភាព១ ព្រមទាំងចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផងដែរ៕