2024-02-29 06:02
59

ព្រះសីហនុ៖ ជនរងគ្រោះជាកម្មករពីរនាក់ប្តី-ប្រពន្ធត្រូវបានរថយន្តកុងតឺន័របុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូឌុបឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ 
   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (២១១-២១២) ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
   តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងពេលភាគីខាងម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ  បើកបរដោយឈ្មោះ ភិន ចន្ធូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ពេញ បូរី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ អ្នកទាំង ០២ជាប្តី និងប្រពន្ធ ស្នាក់នៅក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) កំពុងបើកឆ្លងផ្លូវកន្លែងផ្លូវឡើងចុះចំណោត ស្របពេលនោះមានរថយន្ដកុងតឺនរ័ ០១គ្រឿង បើកបរក្នុងល្បឿនលឿន ម៉ាក NISSAN DIESEL ពណ៌ខៀវ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ ជា សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បើកបរថយន្ដ មានទីលំនៅ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់។ 
   ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនីតិវិធី។ 
   បច្ចុប្បន្ន សពជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណពៃណី។ ចំពោះវត្ថុតាងរថយន្ដ និងម៉ូតូបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕