2024-01-27 12:01
65

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ផឹកស្រាថ្នាំអស់៣លីត្រកើតចិត្តក្លាហានយកឈើដាក់ទទឹងផ្លូវខាងមុខផ្ទះ លុះដល់នាយប៉ុស្តិ៍មកឃាត់ស្ទុះទៅវាយនាយប៉ុស្តិ៍និងពលរដ្ឋម្នាក់ទៀតរងរបួសយ៉ាងដំណំ ទីបំផុតត្រូវជាប់ខ្នោះ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះចំនួន២នាក់  ១-ឈ្មោះ ផល ស្រីលី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។ ២-ឈ្មោះ សោម រ៉ាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាលជាតិ ឋាន: នាយប៉ុស្តិ៍ មានទីលំនៅ ភូមិអញ្អែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។ ជនសង្ស័យឈ្មោះ យូ យ៉ារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារឈ្មោះ ផល ស្រីលី បានធ្វើរោងលើផ្លូវបេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីមង្គលការនៅថ្ងៃស្អែក ។ នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃដដែលជនសង្ស័យបានផឹកស្រាថ្នាំជាមួយកម្មករសំណង់ជាមួយគ្នានៅភូមិ កំពង់ដំរី ឃុំព្រែកតាមាក់ អស់ស្រាថ្នាំ ២លីត្រ រួចជនសង្ស័យមកផ្ទះទិញស្រាថ្នាំ ០១លីត្រ ផឹកនៅមុខផ្ទះ ហើយជនសង្ស័យបានទៅសុំម្ហូបពីឈ្មោះ ធី ជាបងប្អូនរបស់ឈ្មោះ ផល ស្រីលី យកមកក្លែម តែឈ្មោះ ធី មិនបានឱ្យម្ហូប លុះមកដល់ម៉ោង ២២ៈ០០នាទី ជនសង្ស័យមានសភាពស្រវឹងស្រានិងខឹងឈ្មោះ ធី មិនឲ្យម្ហូប ក៏យកមែកឈើមកដាក់លើផ្លូវបេតុងមុខផ្ទះបិតបាំងផ្លូវរារាំងមនុស្សឆ្លងកាត់ទៅកម្មវិធីផ្ទះឈ្មោះ ផល ស្រីលី និងស្រែកនិយាយថា អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន ហើយឈ្មោះ សយ ភេទ ប្រុស ជាបងប្អូនជីដូនមួយបានទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញឲដួលទៅលើផ្លូវបេតុង ឈ្មោះផល ស្រីលី បានតេទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ភ្លាមនោះលោក សោម រ៉ាវុធ ឋានៈ នាប៉ុស្តិ៍ព្រែកតាមាក់ បានដឹកនាំកងកម្លាំងទៅដល់កន្លែងកើតហេតុ ពេលទៅដល់លោក សោម រ៉ាវុធ បាននិយាយណែនាំ តែជនសង្ស័យមិនស្ដាប់ស្ទុះមកវាយលោក សោម រ៉ាវុធ បណ្តាលឱ្យរងរបួស រួចកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធី  ។ រីឯលោក សោម រ៉ាវុធ ត្រូវបានបញ្ជូនទៅព្យាបាលរបួលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ៕