2023-10-24 12:10
354

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក(APPF) លើកទី៣១ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក(APPF) លើកទី៣១ ដែលនឹងត្រូវប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នំា២០២៣។

 កិច្ចប្រជុំត្រៀមនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធនៃវេទិកាសភាអាស៊ី  ប៉ាស៊ីហ្វិក(APPF)  លើកទី៣១។

 លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ  មានគោលបំណងផ្សព្វផ្សាយពីសេចក្តីសម្រេចរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្តីពីការប្រគល់ភារកិច្ចជូនឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា  ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក(APPF)  លើកទី៣១ នៅប្រទេសហ្វីលីពីន ដែលរៀបចំឡើងក្រោមមូលបទ “ភាពជាដៃគូមានភាពធន់ដើម្បីសន្តិភាព វិបុលភាព និងនិរន្តភាព”។

ទន្ទឹមនឹងនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនផងដែរ  អំពីភារកិច្ច និងការទទួលខុសត្រូវ សម្រាប់ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈប្រតិភូ ដែលត្រូវទទួលខុសត្រូវចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការជំនាញទាំង៥ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក(APPF) លើកទី៣១ ក្នុងនោះរួមមាន៖ 
ទី១-កិច្ចប្រជុំសមាជិកសភាជាស្រ្តី ។
ទី២-កិច្ចប្រជុំគណ:កម្មាធិការស្តីពីនយោបាយ និងសន្តិសុខ។
ទី៣-កិច្ចប្រជុំគណ:កម្មាធិការស្តីពីសេដ្ឋកិច្ច និងពាណិជ្ឋកម្ម ។
ទី៤-កិច្ចប្រជុំគណ:កម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ទី៥-កិច្ចពិភាក្សាតុមូលសម្រាប់សមាជិកសភាវ័យក្មេង ៕