2023-12-21 04:12
135

ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយក្រុម ប្រដាប់ដោយប្រើដំបងឆក់ បានធ្វេីសកម្មភាពឆក់និងវាយជនជាតិចិនដូចគ្នា បង្កការភ្ញាក់ផ្អើល កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះទៅជួយអន្តរាគមន៍ និងបាននាំខ្លួនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។

ករណីហិង្សាលើខាងនេះ បានកេីតឡេីងនៅវេលាម៉ោងប្រមាណជា ៦និង ៥៩នាទីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានជនជាតិចិន មួយក្រុមមានគ្នាបីនាក់ បានមកធ្វេីសកម្មភាពចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ដោយបានចាប់សង្កត់ខ្លួនជនរងគ្រោះទៅនឹងថ្នល់ និងបានយកដំបង ដែលជនដៃដល់ម្នាក់បានសៀតនៅចង្កេះ ឆក់ទៅលេីជនរងគ្រោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនៅក្បែរនោះ ចុះជួយអន្តរាគមន៍ភ្លាមៗ។ 

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ គេឃើញជនរងគ្រោះជាជនជាតិចិនរូបនេះ បានស្រែកឱ្យសមត្ថកិច្ចជួយគាត់ផងដែរ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងជនរងគ្រោះ និងជនដៃដល់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់៕