2023-07-09 10:07
267


ភ្នំពេញ៖ ករណីអំពើហិង្សាបង្កឡើងដោយក្មេងស្ទាវ ០២ក្រុមដេញកាប់ចាក់គ្នាយ៉ាងសាហាវព្រៃផ្សៃធ្វើឲ្យប្រជាពលរដ្ឋអ្នធ្វើដំណើរពេលយប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឲ្យមានអ្នករបួស ០២នាក់ ព្រមទាំងរងខូចខាតម៉ូតូចំនួន ០៣គ្រឿង ដោយកាប់យកស្លាកលេខទៅបាត់ផងដែរ។


អំពើហិង្សាខាងលើខាងលើនេះ កើតមានឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចក្លឹប DOT តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ក្រុមភាគីក្មេងស្ទាវដែលរបួស និងខូចខាតម៉ូតូអស់ ចំនួន ០៣គ្រឿងយ៉ាងដំណំ បានអះអាងថា មានក្មេងស្ទាវមួយក្រុមទៀត ជិះម៉ូតូជាច្រើនគ្រឿង មានគ្នាប្រហែល ៥០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដាវកាប់ទៅលើពួកខ្លួនដែលកំពុងឈប់មើលម៉ូតបែកកង់ ក្បែរក្លឹប DOT តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី។
តាមការបំភ្លឺប្រាប់សមត្ថកិច្ច បានឲ្យដឹងថា មុខពេលកើតហេតុពួកគេមានគ្នា ១០នាក់ ជិះម៉ូត ០៤គ្រឿង បានបែកកង់ម៉ូតូហើយក៏ឈប់ប៉ះកង់ និងឈប់ត្រង់ចំណុចកើតហេតុ ខណៈពេលនោះស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង មានគ្នាប្រហែល ៥០នាក់ បានជិះហួសបន្តិចរួចពួកវាបកត្រឡប់ក្រោយវិញឈប់ម៉ូតូចុះដកកាំបិតប៉័ងតោ និងដាវដេញកាប់យុវជនរងគ្រោះធ្វើឲ្យជនរងគ្រោះភិតភ័យរត់ចោលម៉ូតូ ខណៈពេលនោះក្មេងស្ទាវទាំងនោះក៏បានកាប់ម៉ូតូឲ្យខូចខាត ចំនួន ០៣គ្រឿង និងកាប់យកស្លាកលេខម៉ូតូ ០១គ្រឿង រួចពួកវាះចេញពីកន្លែងកើតហេតុទៅទិសខាងកើតវិញបាត់ស្រមោល។
ហេតុការណ៍នេះ ក្មេងស្ទាវដែលរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ គឺបាននាំគ្នាជិះចេញពីកន្លែងកើតហេតុបាត់អស់ផងដែរ៕