2024-02-15 02:02
72

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងមន្រ្តីអង្គការហេឡេន ខេល័រអន្តរជាតិ បានចុះពិនិត្យមើលសកម្មភាពការផ្តល់សេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារ ក៏ដូចជាការពិនិត្យស្តុកវ៉ាក់សាំង និងស្តុកឱសថមួយចំនួន ជាពិសេសសេវាថែទាំ និងព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ នៅមណ្ឌលសុខភាពច្រេស មណ្ឌលសុខភាពកំពង់ត្រឡាចថ្មី និងមណ្ឌលសុខភាពធ្លកវៀន។

នាឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ស្ត្រី និងអាណាព្យាបាលទាំងអស់ ឱ្យយកកូនទៅទទួលថ្នាំបង្ការឱ្យបានគ្រប់មុខទៅតាមកាលវិភាគរបស់កម្មវិធីផ្តល់ថ្នាំបង្ការ និងបន្តតាមដានសុខភាពកូនឱ្យបានជាប់ជាប្រចាំផងដែរ ។ 

លោកជំទាវវេជ្ជបណ្ឌិតក៏បានធ្វើការណែនាំដល់បុគ្គលិកមណ្ឌលសុខភាពឱ្យពង្រឹងការកត់ត្រា និងធ្វើរបាយការណ៍ ឱ្យបានទៀងទាត់ និងត្រឹមត្រូវ ធ្វើការគណនានូវតម្រូវ             ការឱសថទៅតាមក្រុមនីមួយៗ ចាក់សារ អប់រំសុខភាពឱ្យបានជាប់ជាប្រចាំរៀងរាល់ម៉ោងធ្វើការ ផ្ដល់ការវាស់ថ្លឹងគ្រប់កុមារអាយុក្រោម៥ឆ្នាំដែលមកមណ្ឌលសុខភាព និងការពង្រឹងសកម្មភាពសេវាចុះមូលដ្ឋាន ព្រមទាំងពង្រឹងការអនុវត្តក្នុងគម្រោងអាហារូប            ត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឪកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារក៏បានអញ្ជើញចុះតាមខ្នងផ្ទះ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខដល់ស្រ្តី និងអាណាព្យាបាលដែលកូនមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងមធ្យម ហើយកំពុងធ្វើការថែទាំព្យាបាលស្ថិតនៅក្នុងភូមិវត្តនិងភូមិក្បាលដំរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ។