2023-09-27 04:09
172

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩និង៥៣នាទី នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៥០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិដ្ឋាននគរបាលស្រុកវាលវែង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ឌៀប សុហេង ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង អំពីករណី ចោរកម្ម (លួចម៉ូតូ) ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6759 ដែលមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូពេលចតទុកនៅនឹងមុខតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០៩និង៥៣នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ 

លោកអធិការបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវតាមវិធានការជំនាញ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យូ សា ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ 

លោកវរសេនីយ៍ឯកអធិការ បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងធ្វើតេស្តស្វែងរកសារធាតុញៀន មានលទ្ធផល វិជ្ជមាន មានសារធាតុក្នុងទឹកនោម ជនសង្ស័យបានសារភាពថា ម៉ូតូដែលខ្លួនបានលួច គឺរូបគេបានយកទៅលក់ នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើង បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធីច្បាប់ ចំពោះវត្ថុតាងម៉ូតូ សមត្ថកិច្ចកំពុងទំនាក់ទំនងស្រាវជ្រាវបន្ត ៕ លាន គ្រន