2023-07-28 12:07
331

កំពត៖ បុរសចំណាស់វ័យ ៧៣ឆ្នាំម្នាក់ បានធ្វើសកម្មភាពគំរាមរំលោភសេពសន្ថវៈលើអនីតិជន បានសម្រេចជាច្រើនលើក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

 លោកវរសេនីយ៍ទោ ស្វាយ ប្រុស អធិការស្តីទីនគរបាលស្រុកដងទង់ បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នេះថា ជនសង្ស័យមានឈ្មោះ ងឹម សារុន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិព្រានទុំ ឃុំ ស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ឃាត់ខ្លួន នៅថ្ងៃទី២៧ ខែកក្ដដា បន្ទាប់ពីទទួលបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។ 

 លោករវសេនីយ៍ទោ ស្វាយ ប្រុស បានឲ្យដឹងថា ករណីចាប់រំលោភសេពសន្ថវៈលើអនីតិជនខាងលើ បានកើតឡើង កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល ៨យប់ បង្កដោយឈ្មោះ ងឹម សារុន ភេទ ប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិព្រានទុំ ឃុំស្រែជាខាងជើង ស្រុកដងទង់ បានតេទូរស្ទពហៅក្មេងស្រីឈ្មោះ ក.ច.រ អាយុ ១៥ឆ្នាំ រស់ភូមិ-ឃុំ ជាមួយគ្នាទៅរកក្ដាមជាមួយខ្លួន រហូតដល់ម៉ោងប្រហែល ១១យប់បានហៅក្មេងស្រីទៅផ្ទះរបស់ខ្លួនរួចធ្វើសកម្មភាពចាប់បង្ខំក្មេងស្រីរងគ្រោះរួមភេទបានសម្រេច។   

លោកអធិការនគរបាល បានឲ្យដឹងទៀតថា ពេលធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះនាងបានរើបំរាស់ ប៉ុន្តែត្រូវជនសង្ស័យវាយមួយដៃចំត្រង់ពោះបណ្ដាលឲ្យសន្លប់បង់ស្មារតី បន្ទាប់មកជនសង្ស័យខាងលើរំលោភសម្រេច ០១លើក លុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨យប់ជនសង្ស័យខាងលើបានតេទូរសព្ទ័ហៅក្មេងស្រីរងគ្រោះអោយទៅជួបខ្លួនតែក្មេងស្រីរងគ្រោះបដិសេធ ទើបជនសង្ស័យតាមមកផ្ទះក្មេងស្រីរងគ្រោះរួចចាប់លើកក្មេងស្រីរងគ្រោះយកទៅផ្ទះរបស់ខ្លួនរំលោភបានសម្រេចជាលើកទី០២។

លោកអធិការបានបន្ថែមទៀត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៩យប់ ជនសង្ស័យរូបនោះ បានធ្វើសកម្មភាពបានចាប់ក្មេងស្រីរងគ្រោះយកទៅផ្ទះខ្លួនបានសម្រេចម្តងទៀត។ 

លោកបានបញ្ជាក់ថា គ្រប់ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈតែងតែគំរាមកំហែងក្មេងស្រីរងគ្រោះមិនឲ្យប្រាប់រឿងរ៉ាវឲ្យអ្នកណាខ្លួនទៅអ្នកណាដឹងឡើយមិនដូច្នោះខ្លួននឹងសម្លាប់ចោលទាំងពូជតែម្តង។

 សូមបញ្ជាក់ផងដែរ ក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះម្នាក់ឯងឪពុក-ម្ដាយចេញទៅធ្វើការងារនៅចំការម្រេចម្ដុំដំរីផុង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក លុះមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្មេងស្រីរងគ្រោះនិយាយរឿងហេតុទាំងអស់ជូនឪពុកម្ដាយខ្លួនទើបពួកគាត់ប្ដឹងមកសមត្ថកិច្ចយើងជួយអន្តរាគមន៍ឈានដល់ការឃាត់ខ្លួនតែម្តង។

 តាមចម្លើយជនសង្ស័យឆ្លើយសារភាពថា “ខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់របស់ជនរងគ្រោះប្រាកដមែន”។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពត ចាត់ការបន្តតាមនិតិវិធ៕