2024-01-17 04:01
74

(កែប) ៖      នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងឲ្យដឹងថា ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង១២ គីឡូម៉ែត្រ ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ៩៥%ហើយ បើតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះហើយដែរ។ 

ពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថានៅក្នុងពេលដែលលោកបានអញ្ជើញចុះទៅពិនិត្យដំណើរការក្រាលបេតុងជាផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រចាប់ពីកំពង់ផែកោះទន្សាយរហូតទៅដល់ឆ្នេរសមុទ្រអង្កោល។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបយើងទទួលបានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្នយើងឃើញថា ការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើងនិ ងជិះកង់ក៏ជិតរួចរាល់ហើយដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្ថែមថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយទូទាំងរាជធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តកែបរបស់យើងបានលេចចេញនូវសមិទ្ធផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ បានរួមចំណែកទាញចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។(សឹង រ៉ាត់)