2024-01-30 03:01
64

ភ្នំពេញ៖ មន្ទីរធម្មការ និងសានារាជធានីភ្នំពេញ បានការចុះកិច្ចសន្យាគ្រូឱសថបុរាណ «ស៊ូ សេងហ៊ួ និងប្រពន្ធ» ដែលតាំងខ្លួនជាគ្របារមី និងជាជំនួញអនឡាញដ៏ល្បីល្បាញលើបណ្តាញសង្គម ឲ្យបញ្ឈប់សកម្មភាពថតវីដេអូបង្ហោះដែលប៉ះពាល់ដល់សាសនា និងសីលធម៌ និងតម្រូវឲ្យលប់រាល់សកម្មភាពទាំងអស់ចេញផងដែរ ។ 

 ការចុះធ្វើកិច្ចសន្យា និងព្រមានគ្រូបារមី និងឱសថបុរាណ ស៊ូ សេង ហួរ និងប្រពន្ធឈ្មោះ ឆន ឆវី  របស់លោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ​ ធ្វើឡើងនៅថ្ងៃទី២​៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ 

 ក្រសួងធម្មការ បានបញ្ជាក់ទៅមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ឲ្យឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ។ 

 សូមជម្រាបផងដែរថា ក្រសួងសុខាភិបាល កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន «ឲ្យបញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគម និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលរបស់ លោក ស៊ូ សេងហ៊ួរ ដែលតែងខ្លួនជាតាឥសី» ។ 

 ក្រសួងសុខាភិបាលបានអះអាងថា៖ កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ០២ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។ 

 ក្រសួងបញ្ជាក់ទៀត ទោះបីជាធ្លាប់បានសន្យាថា «បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល» ។ 

 ក្រសួងសុខាភិបាលថ្លែងឱ្យដឹងថា៖ «ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់» ។ 

 ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ ៕