2023-12-12 11:12
144

ភ្នំពេញ៖ វិធានការក្តៅហើយ ដោយអាជ្ញាធរខណ្ឌទួលគោកបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្ម លក់ដូរលើផ្លូវ អមសងខាង ជុំវិញមន្ទីរពេទ្យកុមារជាតិឲ្យរុះរើចេញ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យ និងកាត់បន្ថយការកកស្ទះ។ 
   ព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចុះអប់រំណែនាំ និងបិទផ្សាយសេចក្ដីជូន ដំណឹងចុងក្រោយរបស់រដ្ឋបាលខណ្ឌ ជូនដល់ម្ចាស់អាជីវកម្មប្រកបការលក់ដូរ លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិទាំងអស់ដើម្បីឲ្យរុះរើចេញក្នុង រយៈពេល១ សប្តាហ៍។ បច្ចុប្បន្នអាជៅវករបានយកចិញ្ចើមផ្លូវលក់ដូរ រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ផងដែរ។
  ក្នុងនោះដែរលោកអភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរខណ្ឌបានចុះជូនដំណឹងដល់ម្ចាស់អាជីវកម្ម នៅជុំវិញរបងពេទ្យកុមារជាតិជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិន បានចូលរួមសហការជាមួយអាជ្ញាធរឡើយ។ ដូដូច្នេះអាជ្ញាធចេញសេចក្ដីជូនដំណឹងនេះជាលើកចុងក្រោយ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីឲ្យពួកគាត់រុះរើចេញក្នុងករណីមិនចូលរួមសហការជាមួយអាជ្ញាធរ និងចាត់ការវិធានការរដ្ឋបាល។
   សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្ក្នុងសង្កាត់ទឹកល្អក់ទី១ ទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើក កម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវរុះរើចេញ ដោយទុករយៈពេលឱ្យ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ៕