2024-02-02 03:02
70

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើការណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់សិក្សាពីឫសគល់ នៃបញ្ហាប្រឈមនានា បន្តពង្រឹងពង្រីកចំណេះដឹងសមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងវិធានគន្លឹះ៤ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅដើម្បីឈានទៅពង្រឹងគុណភាពអប់រំលើកកម្ពស់លទ្ធផលសិក្សាសិស្ស។

លោករដ្ឋមន្ត្រីក្រសួងអប់រំបានណែនាំយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់សាលាគរុកោសល្យ” ដោយមានចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីគ្រឹះស្ថានអប់រំគ្រូបង្រៀនគ្រប់រាជធានី-ខេត្ត សរុបចំនួន ១៤៨នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តកំណែទម្រង់សាលាគរុកោសល្យសិក្សាពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងណែនាំគ្រឹះស្ថានអប់រំគ្រូបង្រៀនទាំងអស់ ដើម្បីត្រៀមខ្លួនអនុវត្តក្នុងការកែទម្រង់គ្រូបង្រៀនជំរុញឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការអភិវឌ្ឍមូលធនមូលមនុស្សជាអាទិភាព។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី្រ បានលើកឡើងថា «ដើម្បីជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរទាមទារចាំបាច់ត្រូវចាប់ផ្តើមពីលោកគ្រូ អ្នកគ្រូ ដែលមានគុណវុឌ្ឍិមានសិល្បៈក្នុងការបង្រៀនជាមួយគ្នានេះក្រសួងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងបង្កើត និងចងក្រងឯកសារបង្រៀនថ្មីៗ និងកញ្ចប់អំណានផ្តល់ជូនដល់សាលាគរុកោសល្យជាបន្តបន្ទាប់ដើម្បីជាទុនដល់ការបង្រៀន»។


លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្តី្រ បានផ្ដល់អនុសាសន៍ឱ្យលោកគ្រូ អ្នកគ្រូ បន្តពង្រឹងពង្រីកចំណេះដឹង សមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងវិធានគន្លឹះ៤ ដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅដើម្បីឈានទៅពង្រឹងគុណភាពអប់រំលើកកម្ពស់លទ្ធផលសិក្សាសិស្សដូចជា៖ ទី១- ពង្រឹងអភិបាលកិច្ចសាលារៀន, ទី២- ពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣- សុខភាពសិក្សាតាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤- ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់តាមក្រសួងអប់រំ ដើម្បីអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រគាំទ្រវិស័យអប់រំ និងក្របខណ្ឌ កម្មវិធីអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រុមការងារកំណែទម្រង់គ្រូបង្រៀន នៃលេខាធិការដ្ឋានអភិវឌ្ឍន៍ធនធានគ្រូបង្រៀន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយមានក្រុមការងារ ចំនួន ៦ក្រុម៖ ១- ក្រុមការងារកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន, ២- ក្រុមការងារការអភិវឌ្ឍសមត្ថភាព និងការពង្រឹងគុណភាពគ្រូឧទ្ទេស, ៣- ក្រុមការងារកែលម្អធនធានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ, ៤- ក្រុមការងារភាពជាអ្នកដឹកនាំ, ៥- ក្រុមការងារផ្សារភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលាអនុវត្តន៍ និង ៦- ក្រុមការងារធានាគុណភាពគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។

សូមបញ្ជាក់ថា ក្រុមការងារកំណែទម្រង់គ្រូបង្រៀននេះ បានប្រជុំរៀបចំផែនការសកម្មភាពដើម្បីអនុវត្តទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន និងទទួលបានលទ្ធផល ឆ្លើយតបទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕