2023-04-10 12:04
339

ភ្នំពេញ​ ៖​កាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០២៣ បុរសម្នាក់ផឹកស្រាស្រវឹង​ រួចបេីករថយន្តម៉ាក TOYOTA HILUX​ រេចង្កូតទៅបុកបង្គោលប៉ាណូដ៏ធំមួយដេីមបណ្ដាលឱ្យរងការខូចខាត​ រួចហើយព្យាយាមបេីករត់បានប្រមាណ៣០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ជាប់​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង ​ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុគេឃេីញរថយន្តម៉ាក​ TOYOTA HILUX ពាក់ផ្លាក​លេខ​ ភ្នំពេញ 2BN-0772​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ហើយ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុកបង្គោលស្លាកប៉ាណូដ៏ធំមួយដេីមរងការខូចខាត​។ ភ្លាមៗនោះរថយន្តបង្កមិនឈប់នៅកន្លែងកន្លែងកេីតហេតុ​ទេ គឺព្យាយាមបេីករត់ទាំងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរហូតដល់មុខវិទ្យាល័យ​ ព្រះយុគន្ធរ​ ក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅភ្លើងស្តុបពេទ្យចិន​ឃាត់ជាប់ទាំងតៃកុងនិងរថយន្តបង្ក​ ។

     ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ គេសង្កេតឃេីញអ្នកបេីកបររថយន្តបង្កមានសភាពស្រវឹងស្រាជាខ្លាំង​ដោយចុះពីលេីរថយន្តទប់ខ្លួនមិនចង់នឹង​ ។ ប៉ុន្តែក្នុងករណីនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ៧មករា​ បានចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​និងនាំខ្លួនបុរសជាតៃកុង​ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ​ ៕