2023-12-22 06:12
109

(កំពង់ធំ)៖ លោក ងួន រតនៈ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ពង្រឹងស្ថាប័នគ្រប់អង្គភាព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគោរពវិន័យការងារឲ្យបានល្អ។
   នៅក្នុងពិធីបិទសន្និតបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លោក ងួន រតនៈ បន្ថែមទៀតថា បញ្ហាសុខភាពស្ថាប័ន បណ្តាលមកពីការខ្វះសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ គណៈអភិបាល និងក្រុមប្រឹក្សា ប្រធាន និងអនុប្រធាន មន្ត្រី និងមន្ត្រីការមិនគោរពវិន័យការងារ។
   លោកបន្ថែមទៀតថា ថ្នាក់ដឹកនាំអង្គភាព ត្រូវរៀបចំប្រព័ន្ធការងារបែងចែកភារៈកិច្ចឲ្យច្បាស់លាស់ និងមានប្រព័ន្ធទទួលខុសត្រូវ យើងត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឲ្យអស់លទ្ធភាព ព្រមទាំងមានការលើកទឹកចិត្ត ដល់មន្ត្រីដែលខិតខំបំពេញការងារ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីឲ្យមានចំណេះ ជំនាញច្បាស់លាស់ ដើម្បីប្រសិទ្ធិភាពការងាររបស់អង្គភាព។
   ទន្ទឹមនឹងនោះអភិបាលខេត្តកំពង់ធំ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព និងការកាប់រុករានដីតំបន់៣នៅតែមានការ កាប់ទន្ទ្រានជាបន្តបន្ទាប់។ ហើយសម្រាប់សិក្ខាសាលាមួយថ្ងៃកន្លះនេះ។
លោក ងួន រតនៈ លើកឡើងថា ក្នុងនាមយើងជារដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំបំពេញចំណុចខ្វះខាតដែលយើងបានជួបប្រទះ ការពង្រឹងស្ថាប័ន គ្រប់អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង មន្ទីរអង្គភាពផ្សេងៗ។
  សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២នៃសន្និបាតខេត្ត បានធ្វើបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញ លើប្រធានបទសំខាន់ៗចំនួន ០៨ប្រធានបទ រួមមាន៖
*ទី១៖ ការបង្រ្កាបទបល្មើសគ្រឿងញៀន
*ទី២៖ ការបង្រ្កាបទបល្មើសចោរកម្ម
*ទី៣៖ ការបង្រ្កាបទបល្មើសព្រៃឈើ
*ទី៤៖ ការបង្រ្កាបទបល្មើសនេសាទ
*ទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
*ទី៦៖ ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ
*ទី៧៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ
*ទី៨៖ ការផ្តល់សេវាតាមរយៈមន្ទីរ អង្គភាពជំនាញ ក្នុងគោលដៅបម្រើប្រជាជនអោយបានកាន់តែល្អថែមទៀត និងទប់ស្កាត់បទល្មើសផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាព៕