2023-08-05 11:08
236


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត។
   យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ បានឱ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋ ចំនួន ៨ ២១៤ ៤៣០នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការ ចំនួន ៧ ៧៧៤ ២៧៦ សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០ ១៥៤ សំឡេង។
   ក្នុងចំណោមសម្លេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេ ដែលមានចំនួន ៦ ៣៩៨ ៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិច ទទួលបាន ៧១៦ ៤៩០សំឡេង, គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤ ២៨៥សម្លេង, គណបក្សយុវជនកម្ពុជា ទទួលបាន ៩៧ ៤១២សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤ ០៣០សំឡេង និងគណបក្សដទៃទៀតទទួលបានសំឡេងបន្តិចបន្តួចបំផុត។
   សូមជម្រាបថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ មានប្រជាពលរដ្ឋ ប្រមាណ ៨៤.៥៩ភាគរយ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩លាននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តរៀងៗខ្លួន និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិច្រើន ក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា៕