2023-07-08 02:07
237

ខេត្តកណ្ដាល៖ ម៉ូតូYAMAHA មួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឱ្យបុកម៉ូតូHONDA DREAM ពេញមួយទំហឹងធ្វើឱ្យមនុស្សម្នាក់ជាអ្នកបើកម៉ូតូHONDA DREAM ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូYAMAHA និងអ្នករួមដំណើររងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង២០និង ៣០នាទី លើផ្លូវជាតិលេខ២១ កែងផ្លូវលេខ ១២១១ (ទល់មុខតំបន់ប្រតិបត្តិការសឹងរងកណ្តាល )ស្ថិតក្នុងភូមិលេខ១” សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ម៉ូតូបង្កហេតុម៉ាកYAMAHA SIRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1B-6542 បើកបរដោយឈ្មោះ សំ រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់) និងមានអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ស្នាក់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-6740 បើកបរដោយឈ្មោះ សេង ណាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1B-6542 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) បើកបរដោយឈ្មោះ សំ រិទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ (របួសធ្ងន់) និង មានអ្នករួមដំណើរពីក្រោយចំនួន០១នាក់ ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ (របួសធ្ងន់) ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជ័យជំនះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។ អ្នកទាំងពីរស្នាក់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុបត់ឆ្វេងក៏បានបុកជាមួយ ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-6740 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះ សេង ណាវុធ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ក្នុងទិសដៅ បញ្ជ្រាសគ្នាពីត្បូងមកជើង។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ មូលហេតុខាងលើ បណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1B-6542 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយបុកជាមួយ ម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-6740