2024-03-10 06:03
79


ភ្នំពេញ៖ ក្រោយបែកធ្លាយវីដេអូថ្មីរបស់ លោកស្រីឧកញ៉ា ឡេង ចាន់ណា រៀបផែនការជញ្ជក់ឈាមរាស្ត្របានជោគជ័យ សើចសប្បាយក្អាកក្អាយក្រោយបោកប្រាស់ពលរដ្ឋបានលុយរាប់សិនលាន់ដុល្លារ ត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ពោលពាក្យថា «រឿងនេះថ្ងៃណាចាប់វាដាក់គុកហើយរឹបអូសទ្រព្យសម្បត្តិរបស់វាទុកសងបំណុលរាស្ត្រ…សត្វមមាចឃើញភ្លើងសប្បាយណាស់បន្តិចទៀតជ្រុះស្លាបហើយមើលទៅ»។
  នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ មានគណនីមានឈ្មោះ «Sak Phanna» បានបង្ហោះនូវវីដេអូរបស់ លោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊្រីលាន ស៊ីធី ដោយខ្លឹមសារថា «សុំទោសណាឧកញ៉ា ឡេង ចាន់ណា ខ្ញុំមិនចង់ធ្វើបែបនេះទេដោយសារតែឧកញ៉ាមិនព្រមរកដំណោះស្រាយឲ្យខ្ញុំ»។ 
   បន្ទាប់ពីមានការបង្ហោះខ្លឹមសារនេះមានការចូលខមិនរិះគន់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាច្រើនផងដែរ ជាពិសេសលោកជំទាវ ហ៊ុន ស៊ីណាត ម្តាយមីងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន Share និងបានសរសេរសំណេរយ៉ាងដូច្នេះថា «រឿងនេះថ្ងៃណាបានចាប់បុគ្គលមួយនេះដាក់គុកហើយរឹបអូសទ្រព្យសម្បត្តិរបស់យកទៅសងបំណុលដល់រាស្ត្រដែលរងគ្រោះដោយសារការបបោកនោះ ខ្ញុំមិនដឹងថាប៉ុន្មានថ្ងៃនេះវាសងលុយឲ្យអ្នកទាំងនោះហើយឬនៅ? ..សត្វមមាចឃើញភ្លើងសប្បាយណាស់បន្តិចទៀតជ្រុះស្លាបហើយមើលទៅ»។
   តាមរយៈវីដេអូបែកធ្លាយដែលបង្ហោះដោយជនរងគ្រោះចាញ់បោកលោកស្រីឧកញ៉ា ឡេង ចាន់ណា បានសើចសប្បាយរីករាយក្អាកក្អាយនៅលើរថយន្តយន្តកំពុងធ្វើដំណើរតាមដងផ្លូវទឹកមុខរីកដូចគ្រាប់ជីត្រូវទឹក ព្រោះតែផែកការ និងយុទ្ធសាស្ត្ររបស់ខ្លួនទទួលបានជោគជ័យនឹកស្មានមិនដល់ដោយពោលនូវពាក្យថា «ខ្លួនធ្លាប់ជាកូនអ្នកក្រឡើងរហាមរកខ្សែរយៈមិនបានផង ឥឡូវគេហៅមេធំៗ…ហួសហេតុ វាហួសហេតុពេកហើយមិនដឹងថាខ្សែរៗ….វាសាហាវដូចហ្នឹងទេលោក»។
សូមជម្រាបថា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ធ្លាប់បានជូនដំណឹងទៅអតិថិជនដែលជាប់ពាក់ព័ន្ធនឹងការរកស៊ីចងការ ប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ដែលជាបុគ្គលិកតំណាងឲ្យក្រុមហ៊ុន ទាំងអស់មេត្តាជ្រាបថា «កន្លងមកនេះ ក៏ដូចជាបច្ចុប្បន្ន ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្តធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការរកស៊ីរួមគ្នារបស់បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្មបន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឲ្យមានការលំបាក និងមានការយឺតយ៉ាវយ៉ាងខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺប្រឈមនឹងការបាត់បង់ប្រាក់ដើមរបស់អតិថិជន»។ ដោយឈរលើមូលដ្ឋានដ៏ស្មុគស្មាញនេះ ដើម្បីបញ្ចប់បំណុលរួមគ្នារបស់ បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុន រវាងអតិថិជនបានហ៊ុន ប៊្រីលាន ស៊ីធី របស់លោកស្រីឧកញ៉ា ឡេង ចាន់ណា បានចេញមុខដោះស្រាយបញ្ហានេះ ជូនអតិថិជនទាំងអស់ដោយសម្រេចថា «ក្រុមហ៊ុននឹងយកដីដែលក្រុមហ៊ុនមានយកមកបញ្ចប់បញ្ហាក្នុងការទូទាត់បំណុលដែលអតិថិជនបានចងការប្រាក់ទាំងអស់ដោយការកាត់ប្រាក់ដើម និងការប្រាក់ជាមួយដីដែលក្រុមហ៊ុនមានស្រាប់»។ 
  ម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា «ទំហំដីត្រូវបានកំណត់តាមជាក់ស្តែងនៃចំនួនទឹកប្រាក់ដែលអតិថិជនបានធ្វើឯកសារចងការជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ហើយអតិថិជនទាំងអស់មេត្តាទទួលយកការសម្របសម្រួលនេះពីក្រុមហ៊ុន និងសហការ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះបញ្ចប់ដោយសុត្ថិភាព និងមិនឱ្យមានការខាតបង់ ប្រយោជន៍របស់ភាគីណាមួយកើតឡើងឡើយ»។
ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បានឱ្យអតិថិជនទាំងអស់ត្រូវយកឯកសារដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចីមករៀបចំឯកសារបញ្ចប់ប្រាក់ដើម និងការប្រាក់ដែលត្រូវកាត់យកដី   នេះ មកធ្វើជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប និងមេធាវីរបស់ ក្រុមហ៊ុនចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការហើយក្រុមហ៊ុននេះ បានស្នើឲ្យអតិថិជនទាំងអស់ទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយនេះ។ ក្រៅពីលក្ខខណ្ឌខាងលើ ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់លោកស្រីឧញ៉ា ឡេង ចាន់ណា អះអាងថា «ពិតជាមិនអាចមានលទ្ធភាពដោះ ស្រាយបានឡើយ»៕