2023-07-17 08:07
430

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៉ី ដែលជាអ្នកនយោបាយរត់ចោលស្រុក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានគណៈកម្មការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ពិន័យប្រាក់ ២០លានរៀល ,លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងរយៈពេល ២៥ឆ្នាំ ដែលជាមេក្លោងដែលដឹកនាំសកម្មភាពល្មើសច្បាប់ ណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។ 

គណៈកម្មការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ បានសម្រេច ដូចខាងក្រោម៖ 

១- ទទួលពាក្យបណ្ដឹងរបស់លោក សាំង វណ្ណៈ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដែលគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានទទួលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។ 

២- ពិន័យជាប្រាក់ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី ភេទ ប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩។ 

៣- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ សម្រាប់រយៈពេល ២៥(ម្ភៃប្រាំ)ឆ្នាំ។ 

៤- សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ តែចាត់ទុកជាចំពោះមុខ និងបើកផ្លូវតវា ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមកំណត់ច្បាប់។ 

សូមជម្រាបថា សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣នេះ លោក សម រង្ស៊ី និងក្រុមគាត់ នៅតែប្រើយុទ្ធសាស្ត្រ និងយុទ្ធនាការដូចមុនដដែល, ដំបូងឃោសនា​​ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត, បន្ទាប់មកដោយមើលឃើញថា យុទ្ធនាការនេះទំនងមិនទទួលបានជោគជ័យ គាត់បានងាកមកប្រើ​យុទ្ធនាការទី២ គឺឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតដូចកាលឆ្នាំ២០១៨ដែរ។ 

ចំពោះចេតនាអាក្រក់ណាមួយក្នុងការធ្វើវិទ្ធង្សនាការបោះឆ្នោត គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតី នៃការអនុវត្តសិទ្ធអធិបតេយ្យ របស់ប្រជាពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប្រៀបដូច​ដកហូតសិទ្ធិប្រជាពលរដ្ឋ សម្រាប់រយៈពេល ៥ឆ្នាំ ពីព្រោះឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ប្រជាពលរដ្ឋ គឺជាម្ចាស់អំណាច គឺជាអ្នកសម្រេចជោគវាសនាអនាគតប្រទេសជាតិ តាមឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដែលត្រូវអនុវត្តដោយទៀងទាត់នៅរៀងរាល់ ៥ឆ្នាំម្តង។ 

ការបោះឆ្នោតដោយទៀងទាត់ ជាធាតុមិនអាចខ្វះបានសម្រាប់ដំណើរការប្រជាធិបតេយ្យរស់រវើកនិងនីតិរដ្ឋរឹងមាំ និងរួមចំណែកធានានិរន្តរភាពជាតិ សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងវិបុលភាព៕