2023-06-08 05:06
554


ភ្នំពេញ៖ អតីតថៅកែនាំស្រាបៀរពីបរទេសមកចែកចាយលក់ ក្នុងប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីមិនបំពេញកាតកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ) ចំនួន ១ម៉ឺនដុល្លារ ដែលសមត្ថកិច្ចចាប់ខ្លួនមិនត្រូវបានឃុំខ្លួនឡើយ។


តាមប្រភពព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នំា២០២៣ នេះ ជនសង្ស័យឈ្មោះ ឡោ សុជាតិ ភេទប្រុស អាយុ ៤២ឆ្នំា ជាអតីតថៅកែនាំចូលស្របៀរ មានលំនៅផ្ទះលេខ ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាប់ចោទពីបទៈ មិនបំពេញកាតកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ) ត្រូវបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ។
សូមជម្រាបថា កម្លាំងនគរបាលនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោ សុជាតិ ជាអតីតថៅកែនាំចូលស្រាបៀពីក្រៅប្រទេស កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិមិញនេះ ពាក់ពន្ធការចោទប្រកាន់ពីបទៈ មិនបំពេញកាតកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ) ចំនួន ១ម៉ឺនដុល្លារទៅឱ្យជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ ៣១ឆ្នាំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការបញ្ជាក់បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ អតីតថៅកែនាំចូលស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងប្រទេសកម្ពុជា មានឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់ ចំនួន ១ម៉ឺនដុល្លារ ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឲ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថានឹងសងទៅដើមបណ្តឹងគ្រប់ចំនួនឲ្យវិញក្នុងរយៈពេលខ្លីបំផុត។ ក្រោយពីព្រមព្រៀងគ្នាឈ្មោះ ឡោ សុជាតិ បានចេញមូលប្បទានប័ត្រមួយសន្លឹករបស់ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ ឲ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ រហូតដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានប័ត្រខាងលើនេះ ទៅបើកប្រាក់នៅធនាគារ ABA ស្រាប់តែខាងធនាគារឆ្លើយតបថា «គណនីនេះគ្មានសាច់ប្រាក់ទេ ពោលគឺ សែកស្អុយ»។ 
ក្រោយពេលមូលប្បទានប័ត្រ (សែក) គ្មានសាច់ប្រាក់ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយតែជនសង្ស័យបានគេចវេស និងបិទទូរសព្ទមិនអាចទាក់ទងបាន។ 
ដោយសារទំនាក់ទំនងជាមួយជនសង្ស័យ ដើម្បីដោះស្រាយបំណុលគ្នាមិនបានទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់៕