2023-10-02 04:10
212

នៅទីស្តីការក្រសួង ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សឿន ប៊ុនលី អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពី លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ 

 ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានថ្លែងនូវការស្វាគមន៍ដល់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់មកពីនាយកដ្ឋានក្រោមចំណុះទាំង៤។ ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយកបានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗដែលអគ្គនាយកដ្ឋានសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនរួមមានដូចជា ការរៀបចំផែនការសកម្មភាព១០០ថ្ងៃដំបូង ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូន យន្តការពង្រឹងការរៀបចំកម្មវិធីវិនិយោគសាធារណៈ (PIP) ការរៀបចំគំរូម៉ូដែលទិន្នន័យស្ថិតិវិស័យសាធារណការ និងដឹកជញ្ជូនឱ្យស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ការរៀបចំប្រព័ន្ធ និងគោលការណ៍ណែនាំរួមសម្រាប់ធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងការរៀបចំយន្តការកិច្ចសហការ និងសម្របសម្រួលពាក់ព័ន្ធការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង ដើម្បីឱ្យស្របតាមតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន។

 នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក ក៏បានលើកឡើងពីខ្លឹមសារសង្ខេបនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងដាក់ចេញយន្តការកែទម្រង់នៅក្នុងអគ្គនាយកដ្ឋានឱ្យសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើបួនចំណុចសំខាន់ៗ រួមមាន ១)ចក្ខុវិស័យច្បាស់លាស់ ២)ការតាំងចិត្តខ្ពស់ ៣)ការចូលរួមដោយស្មោះត្រង់ និង ៤)ការលះបង់ ព្រមទាំងយន្តការនៃការវាយតម្លៃការងារតែងតាំងមន្ត្រីរាជការដែលត្រូវពិចារណាលើគុណសម្បត្តិចំនួនបីផងដែរគឺ យុត្តិធម៌  តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាគោល។

 ឯកឧត្តមអគ្គនាយក ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបម្រើការងារនៅក្នុងអគ្គនាយកដ្ឋានឱ្យទទួលបានវឌ្ឍនភាព និងការរីកចម្រើន។ បន្ថែមពីលើនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមបន្តនូវកិច្ចខិតខំប្រឹងប្រែងនេះបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗបន្ថែមទៀតជូនអង្គភាព និងប្រទេសជាតិ។