2023-10-21 04:10
362

ភ្នំពេញ៖ ជាទូទៅយេីងសង្កេតឃេីញថា ប្រជាពលរដ្ឋភាគច្រេីនពួកគាត់ទៅផ្សារទិញទំនិញ មិនសូវចាប់អារម្មណ៍រឿងទំនិញទាំងអស់ដែលដាក់ថ្ងៃ ខែហួសកាលបរិច្ឆេទប្រើប្រាស់និងពុំមានអនុលោមភាពនោះទេ ទាំងអស់នេះហេីយដែលតែងតែធ្វេីឱ្យបងប្អូនប៉ះពាល់ដល់សុខភាព។ 

ជាក់ស្ដែងមន្ត្រី ក.ប.ប. បន្តចុះត្រួតពិនិត្យ នៅតាមទីផ្សារសំខាន់ៗក្នុងខេត្តប៉ៃលិន សៀមរាប ឧត្តរមានជ័យ តាកែវ កោះកុង ត្បូងឃ្មុំ កែប ស្ទឹងត្រែង និងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងនាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទំនិញចម្រុះរួមមាន៖ នំ ទឹកដោះគោ ណែម ភេសជ្ជៈ មី ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងពុំមានអនុលោមភាព និងអំបិលគ្មានជាតិអ៊ីយ៉ុដ សរុបចំនួន ១២៨.៥៣គីឡូក្រាម និងភេសជ្ជៈបំពានសិទ្ធិផ្តាច់មុខចំនួន ៧៨.៨៥គីឡូក្រាម និងប្រេងកូឡា-ប្រេងខ្យល់ចំនួន ១៦ប្រអប់ ត្រូវបានមន្ត្រី ក.ប.ប. រាជធានី ខេត្តខាងលើ ត្រួតពិនិត្យឃើញដាក់លក់លើទីផ្សារ ក្នុងបេសសកម្មចុះអង្កេតទីផ្សារជាប្រចាំរបស់មន្ត្រីជំនាញ។ ចំពោះទំនិញពុំមានអនុលោមភាព ត្រូវបានដកហូតផងដែរ។ 

ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា បានចាត់វិធានការលើការផ្សាយពាណិជ្ជកម្មបំភាន់ បទល្មើសហាឡាល និងផលិតផលមិនអនុលោមតាមបទដ្ឋានព័ត៌មាន ដោយតម្រូវឱ្យអាជីវករមកបំភ្លឺនៅទីស្នាក់ការសាខា និងទទួលការពិន័យអន្តរការណ៍ដើម្បីបញ្ឈប់ការផ្សព្វផ្សាយមិនពិតតទៅទៀត។ 

មន្ត្រីជំនាញក៏បានបិទផ្ទាំងរូបភាពផ្សព្វផ្សាយ(Poster)អំពីសុវត្ថិភាពម្ហូបអាហារ ចំនួន ១៦ផ្ទាំងនៅតាមទីផ្សារដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណៈជន៕