2024-01-09 09:01
76

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៩និង១៥នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កូនប្រសាម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីឪពុកក្មេកទប់កំហឹងមិនបានទាញពូថៅកាប់ប្រហារ ព្រោះតែកូនប្រសាស្រវឹងជេរប្រមាថខ្លួន។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯក សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកឯជនសង្ស័យជាឪពុកក្មេកមានឈ្មោះ ស៊ឹម សុខគាអាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណជាង៧យប់ ជនរងគ្រោះឈ្មោះ ឯក សីហា និងបងប្អូន៤ទៅ៥នាក់ទៀតបាននាំគ្នាផឹកទឹកត្នោតជូររហូតដល់ស្រវឹងហើយបានឈ្លោះទាស់សម្តីគ្នារហូតដល់ម្តាយក្មេកបានអោយត្រឡប់ទៅផ្ទះរៀងៗខ្លួនបាត់ទៅ ។ លុះបងប្អូនចេញទៅអស់  ជនរងគ្រោះឈ្មោះ ឯក សីហា ដែលស្ថិតក្នុងស្ថានភាពស្រវឹងក៏បានឈ្លោះជាមួយនិងឪពុកក្មេកមួយប្រាវបន្តទៀត ដោយបានជេរប្រមាថឪពុកក្មេកយ៉ាងខ្លាំងផងដែរ ។ ដោយទប់អារម្មណ៍មិនបានឪពុកក្មេកបានស្ទុះយកពូថៅទៅកាប់កូនប្រសារូបនោះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យជាឪពុកក្មេកបានរត់គេចមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ 

សមត្ថកិច្ចបញ្ជាក់ថា សាកសពជនរងគ្រោះរងរបួសត្រង់ ( ថ្គាម ក គល់ថ្គាម ) មានស្នាមមុតនឹងវត្ថុរឹងចំនួន៩កន្លែង ហើយសមត្ថកិច្ចបានរកឃើញវត្ថុតាងពូថៅនៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុ ។ នៅពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕