2023-07-20 06:07
230


ភ្នំពេញ៖ លោកស្រី ព្រែក តុលា ជាអតីតប្រធានច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបន្ទាយមាស ខេត្តកំពត បានស្នើសុំជួយអត្តរាគមន៍ និងស្វែងរកយុត្តិធម៌ជួនដល់គាត់ បន្ទាប់ពីអភិបាលស្រុកដកដំណែងគាត់ចេញពីប្រធានច្រកដោយគ្មានមូលហេតុ និងកំហុសឆ្គងអ្វីទាំងអស់។ 


   នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Tola Prek ដែលបានចូល Comment ក្នុងហ្វេសប៊ុកផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។ 
   លោកស្រី ព្រែក តុលា ជាមន្ត្រីរាជការនៃរដ្ឋបាលស្រុកបន្ទាយមាស ខេត្តកំពត ជាអតីតប្រធានច្រកចេញចូលតែមួយ មានរឿងតូចចិត្ត ស្អិតទ្រូងមិនអស់ចិត្ត ទើបជម្រាបជូបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាផ្តល់យុត្តិធម៌ឱ្យបែបនេះ។ 
   ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងដែលលោកស្រី ព្រែក តុលា សរសេរសុំការអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ 
សម្តេចអ៊ុំជាទីគោរពដ៏ខ្ពង់ខ្ពស់.! នាងខ្ញុំឈ្មោះ ព្រែក តុលា ជាមន្ត្រីរាជការនៃរដ្ឋបាលស្រុកបន្ទាយមាស ខេត្តកំពត នាងខ្ញុំមានរឿងដែលមិនអស់ចិត្តសូមសម្តេចមេត្តាផ្តល់យុត្តិធម៌ឱ្យនាងខ្ញុំដោយក្តីអនុគ្រោះ។ 
   លោកស្រី ព្រែក តុលា បានសរសេរទៀតថា «នាងខ្ញុំត្រូវបានលោកអភិបាលស្រុក (លោក មួង នឿន) បោះឆ្នោតជ្រើសរើសជាប់ជាប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបន្ទាយមាស នៅចុងឆ្នាំ2020»។ 
   សោកស្រីបានសេរទៀតថា «ពាក់កណ្តាលឆ្នាំ2021 លោក មួង នឿន ក៏ត្រូវបានផ្លាស់ប្តូការងារទៅកាន់នៅស្រុកអង្គរជ័យ ហើយត្រូវបានជំនួសដោយលោក ស៊ីវ ផេង ជាអភិបាលស្រុកថ្មីវិញ នៅពេលដែលលោក ស៊ីវ ផេង មកកាន់ការងារនៅស្រុកបន្ទាយមាស លោកបានកំពុងតែរៀបចំរបៀបរបបការងារ នៅការិយាល័យច្រកឱ្យមានដំណើរការល្អ ទើបតែកាន់ដំណែង បាន 3ខែ ស្រាប់តែលោក ស៊ីវ ផេង ត្រូវបានថ្នាក់ដឹកនាំតែងតាំងជាអភិបាលរងខេត្ត ហើយជំនួសដោយលោក នូរ ច័ន្ទដា ជាភិបាលស្រុកវិញ»។ 


   លោកស្រី ព្រែក តុលា ជាមន្ត្រីរាជការនៃរដ្ឋបាលស្រុកបន្ទាយមាស បានសរសេរជម្រាបជូន សម្តេចក្រឡាហោម ស ខេង បន្ថែមទៀតថា «នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចថា លោក នូរ ច័ន្ទដា ចូលមកធ្វើអភិបាលស្រុកភ្លាម ក៏ដកនាងខ្ញុំចេញពីប្រធានការិយាល័យច្រកចេញចូលតែមួយភ្លាម ដោយគ្មានការណែនាំ រឺប្រាប់ពីមូលហេតុអ្វីទាំងអស់ ទើបនាងខ្ញុំមិនអស់ចិត្ត ដែលនៅសុខៗគាត់ដកតួនាទីនាងខ្ញុំដោយគ្មាននីតិវិធីរដ្ឋបាលសូម្បីបន្តិច ក្នុងនាមគាត់ជាថ្នាក់ដឹកនាំមួយរូប មិនគួរធ្វើអ្វីអាងតែសិទ្ធអំណាចបែបនេះសោះ»។ 
   លោកស្រី ព្រែក តុលា ជាអតីតប្រធានច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបន្ទាយមាស បានសរសេរបញ្ជាក់ចុងក្រោយថា «សូមសម្តេចមេត្តាផ្តល់ភាពយុត្តិធម៌ចំពោះនាងខ្ញុំដោយក្តីអនុគ្រោះ»។ 
   ពាក់ព័ន្ធករណីលោកស្រី ព្រែក តុលា ជាមន្ត្រីរាជការនៃរដ្ឋបាលស្រុកបន្ទាយមាស ខេត្តកំពត ជាអតីតប្រធានច្រកចេញចូលតែមួយ ស្នើសុំការអន្តរាគមន៍ចូលហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង កើតទុកមិនសុខចិត្តករណីដកតំណែងដោយគ្មានមូលហេតុនេះ អង្គភាពយើងមិនអាចសុំការបកស្រាយពីលោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបាននៅឡើយទេ៕