2024-01-22 01:01
85

(កែប)៖  កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤នេះ អាចចាត់ទុកថា ជារឿងហួសចិត្តផង និងជាការភ្ញាក់ផ្អើលផង ដោយសារតែប៉ុន្មានថ្ងៃនេះស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរបានរីកដុះដាលយ៉ាងស្គុះស្គាយពាសពេញក្នុងភូមិសាស្រ្តក្រុងកែប ពិសេសចាប់ពីចំណុចរង្វង់មូលសេះស ដល់រង្វង់មូលផ្សារក្តាម តាមមាត់ឆ្នេរ និងកន្លែងជាច្រើនទៀត គឺមានការដាក់តាំងតាមបង្គោលភ្លើងរាប់រាយ ឬអាចរាប់ពាន់ស្លាកប៉ាណូយ៉ាងមានរបៀបរៀបរយគួរឲ្យចង់គយគន់ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសមិទ្ធផលថ្មីៗ ក្នុងរជ្ជកាលដឹកនាំដោយឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប។

ការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ចកម្មស្រាបៀរដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានធ្វើឲ្យមហាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនសំដែងការហួសចិត្តផង និងមានការភ្ញាក់ផ្អើលផងមិនដឹងថា តើទីក្រុងកែប ជាទីក្រុងទេសចរណ៍ធម្មជាតិ ឬជាទីក្រុងស្រាបៀរ..? រហូតមានការផ្ទុះរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក facebook ជាច្រើន។

ពាក់ព័ន្ធការតាំងស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរខាងលើនេះដែរ គណនេយ្យហ្វេសប៊ុកឈ្មោះ (រាជសីហ៍ ឆ្នាំថ្មី) បានសរសេរថា សួនផ្កាក្រៀមៗអស់ហើយ ស្រស់ខ្ចីតែស្លាកប៉ាណូស្រាបៀរ ជួយដាស់តឿនគ្នាកែលម្អតុបតែងតាមដងផ្លូវផង ហើយនេះក៏បញ្ជាក់ពីភាពថ្លៃថ្នូររបស់សង្គមរួមរបស់ពួកយើង។ បរទេសមកលេងជិះតាមដងផ្លូវ ឃើញតែស្លាកស្រាបៀរ ខណៈស្រុកគេក៏លក់ដូចគ្នា តែមិនបិទផ្សាយច្បាស់ៗគ្រប់កន្លែងចឹងទេ។

ចំណែកគណនេយ្យហ្វេសប៊ុកឈ្មោះ (ថារ៉ា ខ្មែរ មហានគរ) បានសរសេរថា រឿងសង្គមជាតិត្រូវការមនុស្សរស់នៅក្នុងសង្គម បើអ្នកមិនព្រមនិយាយ អ្នកមិនសមជាមនុស្សរស់នៅក្នុងសង្គមនេះទេ។

ខ្ញុំជាពលរដ្ឋមិនគាំទ្រឱ្យលើកផ្ទាំងស្រាបៀរតាមដងផ្លូវឡើយ មើលទៅមិនថ្លៃថ្នូរសោះ ថែមទាំងបានភ្ជាប់នូវពាក្យពេចន៍លើរូបភាពថា គ្រឿងស្រវឹង ជាឃាតករដ៏កាចសាហាវ ប៉ុន្តែគ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ”។

រីឯគណនេយ្យហ្វេសប៊ុកឈ្មោះ (Vann Vin) បានសរសេរថា សង្ឃឹមថាខេត្តកែបជាគំរូអាក្រក់ដល់ខេត្ត ឃុំ ភូមិដទៃនៃព្រះរាជាណាចក្រកម្ពុជាទៅចុះ។
បើតាមលិខិតលេខ ១៨៣/២៣ សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប មានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជម្រាបជូន លោកស្រីនាយិកាក្រុមហ៊ុន MADAM B BOOKING MEDIA CO LTD ការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនេះ គឺមានសុពលភាពរយៈពេលដល់ទៅ០៧ (ប្រាំពីរ) ឆ្នាំឯណោះ។

លិខិតដដែលបញ្ជាក់ថា យោងសំណើចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD និងការចាំបាច់របស់រដ្ឋបាលខេត្តកែប ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD ដែលមានស្នាដៃបានចូលរួមចំណែកកែលម្អសោភ័ណភាពរដ្ឋបាលខេត្ត ជាពិសេសបានចូលរួមក្នុងព្រឹត្តិការណ៍រៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប រដ្ឋបាលខេត្តបានសម្រេច និងសូមណែនាំដូចខាងក្រោម៖

– ឯកភាពជាគោលការណ៍ជូនក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD ដំឡើងរបាកាត់ទទឹងផ្លូវផ្សព្វផ្សាយពាណិជ្ជកម្មចំនួន០២ទីតាំង និងលើបង្គោលភ្លើងក្នុងភូមិសាស្ត្រខេត្តកែប ដោយពុំមានការចំណាយផ្សេងៗប្រចាំឆ្នាំរយៈពេល០៧ (ប្រាំពីរ) ឆ្នាំ។

– ក្រុមហ៊ុនត្រូវសហការឱ្យបានល្អជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថា រាល់ការដំឡើងស្លាកទាំងអស់បានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់។– រាល់ខ្លឹមសារ អក្ខរាវិរុទ្ធ និងរូបភាព ដែលក្រុមហ៊ុនមានបំណងផ្សព្វផ្សាយ ត្រូវដាក់ជូនរដ្ឋបាលខេត្ត ពិនិត្យ និងសម្រេច។

– ក្នុងករណីដែលរដ្ឋបាលខេត្តមានតម្រូវការចាំបាច់ ក្រុមហ៊ុនត្រូវប្រគល់គ្រប់ទីតាំង និងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មជូនរដ្ឋបាលខេត្តប្រើប្រាស់តាមពេលវេលា និងតម្រូវការជាក់ស្តែង។

– ក្រុមហ៊ុនត្រូវទទួលខុសត្រូវ និងដោះស្រាយរាល់បញ្ហាគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ឬបណ្តាលមកពីការដួលរលំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

– ក្នុងករណីមានការប៉ះពាល់ដល់ការអភិវឌ្ឍន៍ខេត្តនាពេលអនាគត ក្រុមហ៊ុនត្រូវធ្វើការរុះរើ ឬប្តូរទីតាំងថ្មីដោយឥតលក្ខខណ្ឌ។
– លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០៧(ប្រាំពីរ)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

– ក្នុងករណីក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD អនុវត្តមិនបានត្រឹមត្រូវស្របតាមស្មារតីនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តមានសិទ្ធិនិរាករណ៍មុនកាលបរិច្ឆេទកំណត់ដោយឥតលក្ខខណ្ឌ។

ប៉ុន្តែទោះយ៉ាងណា បន្ទាប់ពីផ្ទុះការរិះគន់ គេសង្កេតឃើញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះមានមន្ត្រីអាជ្ញាធរ និងតំណាងក្រុមហ៊ុនបានធ្វើការរុះរើស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងនោះចេញវិញជាបណ្តើរៗហើយ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកែប ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានសម្តែងការគាំទ្រ និងសង្ឃឹមថា ខេត្តដ៏តូចច្រឡឹងជាប់មាត់សមុទ្រ ដែលពោរពេញទៅដោយសក្ដានុពលផ្នែកវិស័យទេសចរណ៍ មានដូចជាឆ្នេរខ្សាច់ធម្មជាតិ
និងកោះធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងមួយនេះនឹងមិនមានការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរតទៅទៀតឡើយ។

សូមរម្លឹកផងដែរថា ខេត្តកែប ត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ ជាតំបន់អេកូទេសចរណ៍បៃតងធម្មជាតិកម្រិតខ្ពស់ ដែលទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងសម្រាកលម្ហែកាយប្រកបដោយភាពពេញចិត្តបំផុត។(សឹង រ៉ាត់)