2023-04-27 05:04
308


បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១២៣នាក់មានប្រុស ស្រី ក្មេងចាស់ ត្រូវបានមេខ្យល់ជាយោធាថៃ០២នាក់ លួចនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប ដើម្បីស្វែងរកការងារធ្វើត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបាន នៅយប់ថ្ងៃទី២៥ ខែ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងភូមិសាស្ត្រភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវ។


លោកឧត្តមសេនីយ៏ទោ Theppitak Nimmit មេបញ្ជាការកងពលធំប៊ូរ៉ាផា បាននិយាយប្រាប់អ្នកយកព័ត៍មានថៃឲ្យដឹងថា ក្រោយពេលដែលបុណ្យចូលឆ្នាំខ្មែររួចរាល់ហើយ លោកបានបញ្ជាដល់មន្ត្រីប៉ូលីស ប៉ុស្តិ៍នគរបាលអរិយក្សត្រ នគរបាលទេសចរណ៍ អន្តោប្រវេសន៍ អារញ្ញ និងរដ្ឋបាលស្រុកអារញ្ញខេត្ត ដើម្បីទប់ស្កាត់ និងតាមដានរាល់សកម្មភាពខុសច្បាប់នៅតាមតំបន់ព្រំដែន តាមគោលនយោបាយរបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់។
ក្រោយពីទទួលបានបទបញ្ជានេះហើយ ក្រុមការងារពិសេស កងវរសេនាធំថ្មើរជើងលេខ១២ អង្គភាពបញ្ជាការដ្ឋានកងពលធំលេខ១៣ ត្រូវមានភាពតឹងរ៉ឹង និងរៀបចំធ្វើការល្បាតតាមព្រំដែន ក្នុងតំបន់ទទួលខុសត្រូវ ខេត្តស្រះកែវ ដើម្បីទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់ និងការរត់ពន្ធចូលប្រទេស ពិសេសពលករចំណាកស្រុកពីកម្ពុជា ចូលមកទឹកដីថៃ ពេលកំពុងធ្វើការល្បាតដល់ចំណុច ភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវ កងវរសេនាធំថ្មើរជើងលេខ១២ អង្គភាពបញ្ជាការដ្ឋានកងពលធំលេខ១៣ បានប្រទះឃើញពលករខ្មែរ ចំនួន ១២៣នាក់ ក្នុងនោះមានប្រុស ៥៩នាក់ ស្រី៤៦នាក់ និងកុមារ០៧នាក់ ក្រៅពីនោះមានបុរសជនជាតិបង់ក្លាដែស ចំនួន១១នាក់ និងចាប់ខ្លួនមេខ្យល់ថៃ ចំនួន០២នាក់ ដែលមកពីស្រុកផាន់សឿក និងហ្វាក។ ក្រោយពីឃាត់ខ្លួនពលករទាំង១២៣នាក់ហើយ សមត្ថកិច្ចបានបញ្ជូនពលពលករទាំងអស់ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់។


តាមការសាកសួរបស់សមត្ថកិច្ចថៃ ពីពលករចំណាកស្រុកទាំង១២៣រួចមក ទើបដឹងថា ជាពលករខ្មែរ ទាំងអស់ក្រោយពីបុណ្យចូលឆ្នាំខ្មែរបានព្យាយាមចូលទៅប្រទេសថៃ តាមរយៈមេខ្យល់ថៃនាំពួកខ្លួនចូលទៅបាងកកទាំងប្រថុយប្រថាន តាមច្រករបៀង ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ក្រាន់តែឆ្លងដែនផុតពីព្រំដែន ខ្មែរ ថៃ ចូលទឹកដីថៃត្រូវទាហានថៃចាប់ឃាត់ខ្លួនតែម្តង។
បើតាមការអះអាង របស់ពលករខ្មែរទាំង១២៣នាក់ បានឲ្យដឹងថា ពេលចូលឆ្នាំហើយពួកខ្លួនទាំងអស់គ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ថៃឆ្លងដែនខុសច្បាប់ បើមិនជោគជ័យតាមបំណង ប្រឈមនឹងគេចាប់បញ្ជូនត្រឡប់មកវិញក៏ដោយ ក៍នៅតែប្រថុយ ក្រែងបានសុខដឹងអីខកបំណងដដែល អស់ទាំងប្រាក់ ខាតទាំងពេលវេលាត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផង៕