2024-03-09 09:03
56

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ មុខសញ្ញារក្សាទុក ចែកចាយគ្រឿងញៀនខុសច្បាប់យ៉ាងសកម្មម្នាក់ នៅស្រុកមោងឫស្សី ត្រូវបានកម្លាំងជំនាញស្រុកចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ 

បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែមីនាម្សិលមិញនេះ លោកបានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រុមទី០៩ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេង ឈាវណ្ណ ហៅក្រពើ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន ៖ 
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ 
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន 
-កាបូបលុយចំនួន ០១ 
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕