2023-06-27 09:06
210


ខេត្តកែប៖  បានរៀបចំរយៈពេលកន្លះថ្ងៃជាមួយការដង្ហែក្បួននៅជុំវិញទីក្រុងកែប (ខេត្តកែប)នាថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣ ដែលមានមនុស្សប្រមាណជាង១,០០០នាក់ បានអញ្ជើញចូលរួម ក្នុងការផ្សព្វផ្សាយពាក្យស្លោក “កែបឋានសួគ៌លម្ហែ" (KEP THE PARADISE) ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទាញសមាណចិត្តភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ចូលមកសម្រាកលម្ហែលេងកម្សាន្តខេត្តកែបឱ្យកាន់តែច្រើនថែមទៀតទៅថ្ងៃមុខ។


ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបានលើកឡើងឲ្យដឹងថា ឆ្នាំទស្សនាកម្ពុជា២០២៣ នេះ ជាយុទ្ធនាការថ្នាក់ជាតិដែលរៀបចំដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក្នុងគោលដៅដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងនោះដើម្បីជំរុញវិសាលភាពវិស័យទេសចរណ៍ខេត្តកែបអោយកាន់តែទាក់ទាញទៀតនោះ រដ្ឋបាលខេត្តកែបបានជំរុញដើម្បីបំផុសផ្សព្វផ្សាយចលនាមហាជនឱ្យចូលរួម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការដង្ហែក្បួននេះផង។ 
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា ការរៀបចំឱ្យមានឡើងនូវព្រឹត្តិការណ៍នេះ ដើម្បីចង់បំផុសឲ្យមនុស្សគ្រប់រូបតាំងពីកុមាររហូតដល់មនុស្សពេញវ័យ ឱ្យបានយល់ដឹងពីសារៈសំខាន់នៃភាពជាម្ចាស់ផ្ទះដើម្បីទាក់ទាញបាននូវភ្ញៀវទេសចរ កាលណាដែលពលរដ្ឋរស់នៅស្អាតមានអនាម័យ នាំឱ្យមានភូមិលំនៅដ្ឋានស្អាត ក្រុងស្អាត ស្រុកស្អាត ខេត្តស្អាត ជាហេតុធ្វើឱ្យភ្ញៀវទេសចរចូលមកលេងឱ្យកាន់តែច្រើន និងនាំប្រាក់ចំណូលឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះវិញ។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអំពាវនាវឱ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកែប សូមមេត្តាចូលរួមបន្តវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានល្អ ដើម្បីបន្តភាពស្អាតរបស់ខេត្ត ក្រោយពីការខិតខំរបស់អាជ្ញាធរក្នុងការកែលម្អ បង្កើនសោភ័ណ្ឌភាពនៅតាមទីតាំងរមណីយដ្ឋាននានានៅទូទាំងខេត្តកែប។ 
ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តក៍បានបញ្ជាក់ថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាក កម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ដើម្បីភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ នៅក្នុងសេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ និងឆ្នាំ២០៣៥។
ក្នុងនោះខេត្តកែបតែងតែទទួលបាននូវពានរង្វាន់នានា ដែលជាប់ជាខេត្តដែលមានខ្យល់អាកាសធម្មជាតិបរិសុទ្ធស្អាត និងមានឆ្នេរទឹកស្អាត ដីស្អាត ផងដែរ។(សឹង រ៉ាត់)